រដ្ឋបាលខេត្តមណ្ឌលគិរីផ្តល់ពូជដំណាំដំឡូងបារាំងនិងខ្ទឹមសដល់មន្ទីរកសិកម្មដើម្បីយកទៅចែកជូនកសិករ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានណែនាំដល់មន្ទីរកសិកម្មខេត្តត្រូវបង្កើនការផ្តល់ពូជដំឡូងបារាំង និងខ្ទឹមសជូនកសិករដាំដុះ
ឱ្យបានច្រើនដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់និងតម្លៃថ្លៃក្នុងទីផ្សារ ។

ក្នុងពិធីចែកពូជដំឡូងបារាំង និងខ្ទឹមសដល់កសិករនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនាព្រឹកថ្ងៃទី១៩ តុលា ២០២១ លោកថង សាវុន បានមានប្រសាសន៍កោតសរសើរដល់មន្ទីរកសិកម្មដែលបានខិតខំសហការស្រាវជ្រាវជាមួយសាកលវិទ្យាកសិកម្មរកពួជដំណាំដែលជាតម្រូវការទីផ្សារនិងមានការបញ្ជាទិញច្រើនក្នុងតម្លៃខ្ពស់។
លោកអភិបាលខេត្តបន្តថា ដោយសារខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្ត្រអាកាសធាតុខុសប្លែកពីបណ្តាខេត្តដទៃ ទើបបានក្លាយជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្ម រួមមាន ដំណាំកាហ្វេ ទុរេន ដំឡូងបារាំង និងខ្ទឹមសដែលនៅខេត្តផ្សេងពិបាកក្នុងការដាំដុះ។
ដើម្បីអភិវឌ្ឍនិងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើកសិកម្មឱ្យបានល្អប្រសើរនោះគឺត្រូវផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍។ ដូច្នេះហើយទើបលោកអភិបាលខេត្តមណ្ឌលគិរីបានណែនាំដល់មន្ទីរកសិកម្មត្រូវពង្រឹងការងារបច្ចេកទេសដាំដុះដំណាំធម្មជាតិដល់កសិករ ដើម្បីចាប់យកឱកាសក្តាប់ទីផ្សារលក់កសិផលរបស់ខេត្តមណ្ឌលគិរីដល់ភ្ញៀវទេសចរដែលទៅកម្សាន្តលេងក្នុងខេត្ត។ជាពិសេសគឺកិត្តិនាមបន្លែផ្លែឈើធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលទទួលស្គាល់ពីមហាជន។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការពិសោធប្រៀបធៀបពូជដំឡូងបារាំងនៅខេត្តមណ្ឌលគិរី ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨បានធ្វើឡើងនៅទីតាំង រយៈកម្ពស់៧៥០ម៉ែត្រ ទៅ៨៤០ម៉ែត្រ និងមានប្រភពពូជមកពីបណ្តាប្រទេសផ្សេងៗដូចជា វៀតណាម, កូរ៉េខាងត្បូង,អាល្លឺម៉ង់,កាណាដា អាចដាំដុះបានទទួលបានទិន្នផលមធ្យម១៧តោនក្នុងមួយហិកតា ។
ចំណែកការដាំខ្ទឹមសសាកល្បងនៅក្រុងសែនមនោរម្យជាលទ្ធផលឆ្នាំទី១ ឃើញថាមានការដុះលូតលាស់ល្អ និងទទួលបានទិន្នផលជាមធ្យម១០តោនក្នងមួយហិកតា។
ទន្ទឹមនឹងការចែកពូជដំឡូងបារាំង និងខ្ទឹមស ចំនួន៣២គ្រួសារនោះ មន្ទីរកសិកម្មក៏បានផ្តល់ម៉ាស៊ីនកិនកាហ្វេចំនួន២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រាផងដែរ៕

...


ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print