ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៣និង៣០នាទីល្ងាចដល់ម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី១៨ ខែ តុលាឆ្នាំ២០២១បានឃាត់ប្រជាពលរដ្ឋប្រុស ស្រី ចំនួន១៤នាក់ ក្នុងនោះមានអ្នកនាំផ្លូវ០២នាក់ បំរុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។
លោក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោលេខ៨១៥ បានឲ្យដឹងថា៖ប្រជាពលរដ្ឋដែលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ការពារព្រំដែនចំបក់ សហការជាមួយកម្លាំងយោធាប្រតិបត្ដិការសិករង ខេត្ដបន្ទាយមានជ័យ ឃាត់ខ្លួនមានចំនួន១២នាក់មកពីខេត្ត ចំនួន៤មានខេត្តបន្ទាយមានជ័យ,តាកែវ,កំពង់ធំនិងខេត្តបាត់ដំបង ជាមួយគ្នានោះដែរបានស្រាជ្រាវនិងរកឃើញអ្នកនាំផ្លូវចំនួន០២នាក់ សរុបទាំងអស់១៤នាក់ ។
លោកបញ្ជាក់ថា៖អ្នកនាំផ្លូវទាំង០២នាក់ មាន៖ ១/-ឈ្មោះ សេន តុលា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិខ្ពស់ ឃុំប្រាំបីមុំ ស្រុកត្រាង ខេត្ដតាកែវនិង២.ឈ្មោះ អឿម អុល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ។ប្រជាពលរដ្ឋទាំងនោះ បន្តាប់ពីធ្វើការអប់រំនិងណែនាំអំពីផលប៉ះពាល់នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ពិសេសមេរោគប្រភេទថ្មីដែលតារួច បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវិដ-១៩ ។ដោយឡែកចំពោះអ្នកនាំផ្លូវ០២នាក់ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
ជាមួយគ្នានោះដែរ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏បានបន្ថែមថា៖នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះដែរ មានប្រជាពលរដ្ឋចំនួន ០៦នាក់ (ស្រី០២នាក់ កុមារ០១នាក់) បានវិលត្រឡប់មកពីប្រទេសថៃតាមភូមិសាស្ដ្រប៉ុស្តិ៍ក្បាលទំនប់ ចំណុចក្បាលទំនប់ ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។ ប្រជាពលរដ្ឋទាំងនោះបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកំរិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ៕