ខេត្តសៀមរាប៖ បន្ទាប់ពីរងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗនៃច្រកទ្វារចូលខាងកើត ប្រាសាទអង្គរវត្ត នៅថ្ងៃទី១៨ ខែតុលានេះ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលឱ្យប្រសើរឡើងវិញ។
លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលទទួលមើលការខុសត្រូវការដ្ឋានជួសជុលប្រសាទនេះ បានឱ្យដឹងថា ការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញមើលឃើញថា ច្រកចូលខាងកើត នៃប្រាសាទអង្គរវត្តមួយនេះ បានរងការខូចខាតតិចតួចដោយផ្នែកខ្លះៗ ដូចជា ច្រកឡើង នៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម។
លោកស្រីបញ្ជាក់ថា បើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរបាត់រូបរាងនៅថ្ងៃអនាគត។ ការជួសជុលនេះដែរ ក្រុមការងារជំនាញបានធ្វើការសិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានជ្រុះធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងធ្វើការសម្អាតថ្មទាំងនោះឱ្យស្អាត។ បន្ទាប់មកក្រុមការងារបន្តកិច្ចការមួយទៀត គឺយកថ្មទាំងនោះទៅផ្គុំនៅកន្លែងដើមឡើងវិញ ដោយធ្វើយ៉ាងណាឲ្យរក្សាបានទម្រង់ដើម៕