ក្រុមអធិរាជស Real Madrid បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Shakhtar Donetsk ក្នុងការប្រកួតជម្រុះតាមពូលក្របខ័ណ្ឌ Champions League សប្តាហ៍ទី៣កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយបានបំបាក់រហូតដល់៥ទល់០។
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior រកបាន២គ្រាប់រួមទាំងការខិតខំប្រឹងប្រែងដ៏អស្ចារ្យជាមួយមិត្តរួមក្រុម២នាក់ទៀតជាអ្នកបង្កើតឱកាស និងរកគ្រាប់បាល់នៅក្នុងការប្រកួតនេះ។ គ្រាប់បាល់ភ្លាត់ស្នៀតរបស់ Sergiy Kryvtsov របស់ក្រុម Shakhtar Donetsk បានជួយឱ្យ Real Madrid នាំមុខ១គ្រាប់មុនពេលបញ្ចប់ការប្រកួតក្នុងតង់ទី១នាទីទី៣៥។
ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធ Vinicius បានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងរយៈពេល៥នាទីគឺនៅនាទីទី៥១ និងនាទីទី៥៦។ ចំណែកកីឡាករ Rodrygo បានស៊ុតបាល់ពីចម្ងាយពីការបញ្ជូនរបស់ Vinicius មុនពេលខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់ទី៥នៅចុងម៉ោងនាទីទី៩០+១។
ជ័យជម្នះនេះគឺជាការបង្ហាញនៅពាក់កណ្តាលទី២ដ៏អស្ចារ្យរបស់ Real Madird និងជាពិសេសខ្សែប្រយុទ្ធ Vinicius ដែលបានបន្តទម្រង់លេងយ៉ាងល្អរបស់គាត់នៅរដូវកាលនេះ។ បច្ចុប្បន្នកីឡាករវ័យ២១ឆ្នាំរូបនេះអាចរកគ្រាប់បាល់បាន៧គ្រាប់ក្នុងការបង្ហាញខ្លួន៩លើកសម្រាប់ក្រុម Real Madrid នៅក្នុងការប្រកួតទាំងអស់ ហើយទាំងនេះគឺជាគ្រាប់បាល់ដំបូងរបស់គេនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។
ជ័យជម្នះមានន័យថា Real Madrid ស្ថិតនៅលេខ២ក្នុងពូល D ដោយមាន៦ពិន្ទុជាមួយក្រុម FC Sheriff ដែលបានចាញ់ ៣-១ នៅផ្ទះ Inter Milan ។
ក្រុម Inter Milan នៅក្របខ័ណ្ឌ Serie A បានយកឈ្នះក្រុម FC Sheriff នៅក្នុងយុទ្ធនាការ Champions League ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពី Edin Dzeko, Arturo Vidal និង Stefan de Vrij ធានាជ័យជម្នះរបស់ក្រុម Inter Milan។ ចំណែកកីឡាករ Sebastien Thill រកបាន១គ្រាប់ឲ្យក្រុម Sheriff ផងដែរ ធ្វើឲ្យក្រុម Inter Milan ឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូល D ៕
(រូបភាព ៖ BBC Sport)ដោយ៖ភារៈ