ភ្នំពេញ៖ ខណៈប្រទេសក្រីក្រជាច្រើននៅលើសកលលោក មិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយនោះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន( G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីទាំងនោះ។
ចំពោះការអំពាវនាវបែបនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះតាមរយៈយុទ្ធនាការទាមទារឱ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយ នៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែង ជំរុញឱ្យមេដឹកនាំ នៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19 ជាសកលតាមរយៈការផ្ញើលិខិត ទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20 ផងដែរ។
សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយ នេះ នៅមុនកិច្ចប្រជុំកំពូល G20។ AHF ក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើ សេចក្តីព្រាង អនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។
បេីតាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា៖ មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថា ទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំង ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ។
លោកនាយកប្រចាំតំបន់អាស៊ីរូបនេះ បានបន្តថា ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភ ដល់អ្នកជាប់ពន្ធ ដើម្បីជំរុញផលិតកម្មវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, ដើម្បីរួមគ្នាទាមទារឱ្យមានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក។
ដោយឡែកលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។ បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជា សម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃ នៅតែបន្តរងការឈឺចាប់ដោយសារCOVID-19នៅឡើយ។
សូមជម្រាបថា ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។
គួរបញ្ជាក់ថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕
ដោយ៖សហការី