ថៃអនុញ្ញាតឲ្យអ្នកទេសចរមកពី ៤៦ប្រទេសចូលក្នុងទឹកដីរបស់ខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានឱ្យដឹងថា ប្រទេសរបស់លោកនឹងអនុញ្ញាតឱ្យអ្នកទេសចរមកពី៤៦ប្រទេស និងដែនដីចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីដើមខែវិច្ឆិកាឆ្នាំ២០២១តទៅ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធបានបញ្ជាក់ថា អ្នកទេសចរមកពី៤៦ប្រទេសនិងដែនដី ដែលមានករណីឆ្លងកូវីដ-១៩ទាប ទទួលបានការអនុញ្ញាតឱ្យចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយតាមជើងហោះហើរនានា ឱ្យតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសឡើងហើយធ្វើតេស្តរហ័សអវិជ្ជមានកូវីដ-១៩ ។
ការសម្រេចខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ខែវិច្ឆិកា ។ ក្នុងបញ្ជីឈ្មោះប្រទេសទាំង៤៦ដែលក្រសួងការបរទេសថៃបានប្រកាសនោះ រួមមាន ប្រទេសកម្ពុជា បែលហ្ស៊ិក កាណាដា ចិន បារំាង អាមេរិក អង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង …។
ក្នុងរយៈពេលកន្លងមក ថៃបានបើកទ្វារទីក្រុងបាងកក និងតំបន់ទេសចរណ៍ជាច្រើន ដូចជានៅ ហួហ៊ីន ប៉ាតទីយ៉ា ដោយសង្ឃឹមថានឹងទាកទាញអ្នកទេសចរបានច្រើនដើម្បីដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ។
ចំណែកប្រទេសដែលមិនស្ថិតនៅក្នុងបញ្ជីផ្តល់អាទិភាពទាំង៤៦ប្រទេស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃសម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់ចំនួន និងធ្វើចត្តាឡីស័កសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងរយៈពេល១០ថ្ងៃ ។
ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៨១០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះអ្នកជំងឺចំនួន ៦៦នាក់បន្ថែមទៀតក៏បានស្លាប់ផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។
រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨៣១,៣៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៦២៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧១០,៤៤៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៦៧.៧៥លានដូស ក្នុងនោះប្រជាជន ២៧.០៤លាននាក់ (៣៨.៦៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី

...

រូបថត៖Bangkok post.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print