ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះថា៖ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង កាលពីថ្ងៃទី២១ខែតុលាម្សិលមិញនេះ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយស្ថាប័នគយ និងរដ្ឋាករ ស្ថាប័នកំពង់ផែ និងស្ថាប័នចត្តាឡីស័ក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកនាយការិយាល័យ លោកនាយប៉ុស្តិ៍ និងនាយផ្នែកពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះ លោកអគ្គនាយករង បានមានប្រសាសន៍ដោយផ្តោតសំខាន់ទៅលើការសំណូមពរពាក់ព័ន្ធនឹងចំនុចចំនួន ០៣រួមមានដូចខាងក្រោម៖
១-ស្នើសុំពិភាក្សាអំពីការគ្រប់គ្រងបារ៉ាស់ចូល-ចេញប្រទេស និងសូមឲ្យមានការចូលរួមក្នុងការសម្របសម្រួល សហការត្រួតពិនិត្យរាល់មនុស្ស ឯកសារមធ្យោបាយ ទំនិញចូល-ចេញប្រទេស។
២-ស្នើសុំឲ្យមានរបបប្រជុំប្រចាំខែឡើងវិញរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រជុំផ្សព្វផ្សាយអំពីការជូនដំណឹង សេចក្តីណែនាំផ្សេងៗ និងបញ្ហាប្រឈមដែលបានជួបប្រទះ ដើម្បីងាយស្រួលចូលរួមដោះស្រាយរួមគ្នា។
និង៣-ស្នើសុំជួយសម្របសម្រួល សហការផ្តល់នូវឯកសារទំនិញចេញ-ចូលប្រទេស មកឲ្យខាងមន្ត្រីអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើឯកសារទាំនោះឲ្យបានម៉ត់ចត់ ដើម្បីសំដៅបង្ការ ទប់ស្កាត់រាល់បទល្មើស មធ្យោបាយ ទំនិញគេចពន្ធផ្សេងៗ៕
ដោយ៖សហការី