ខេត្តបន្ទាយមានជ័យ ៖ ពិតជាអកុសលណាស់ដែលបុរសម្នាក់ជាបុគ្គលិកកាស៊ីណូបានបើកម៉ូតូបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យដដួលធ្លាក់ចូលទឹកស្លាប់ លុះពេល២ថ្ងៃក្រោយមកទើបសមត្ថកិច្ចបានចុះរុករកសពឃើញ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង៣ទៀបភ្លឺ នៅត្រង់ចំណុចផ្លូវបែកជា៤ ផ្លូវវាងក្រុងសិរីសោភ័ណ ជនរងគ្រោះឈ្មោះ សឿន សារួន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត បានបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1M-5231 ។ លុះមកដល់ចំណុចប្រឡាយមុខបួន ភូមិសាស្ត្រក្រុងសិរីសោភ័ណ ជាប់ស្រុកមង្គលបូរី ក៏ជ្រុលទៅបុករនាំងស្លាកសញ្ញាបន្ថយល្បឿន បណ្តាលឲ្យដួលខ្ទាតធ្លាក់ទឹកទាំងមនុស្ស និងម៉ូតូ ។
លោកអធិការ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេញ១ថ្ងៃទល់ព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចក្រុមរុករកនិងសង្គ្រោះ នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានចុះរាវរកឃើញម៉ូតូនិងស្លាកសញ្ញាចរាចរណ៍ស្រង់ពីទឹកមកវិញ ប៉ុន្តែមនុស្សរកមិនឃើញ ។
លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក អ្នកនេសាទបានរកឃើញសពអណ្ដែតទឹកនៅវាលស្រែខាងជើងផ្លូវជាតិលេខ៥ ចម្ងាយជាង២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានស្រង់យកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕