ភ្នំពេញ៖ ដើម្បីចូលរួមគោរពច្បាប់ និងឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល គណៈបញ្ជាការឯកភាពខណ្ឌខណ្ឌទួលគោក កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែតុលា ឆ្នាំ២០២១ បានបន្តណែនាំដល់បណ្ដាភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងទីតាំងម៉ាស្សាផ្សេងៗគ្នា ចំនួន៤កន្លែង ឱ្យស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។
សូមជម្រាបថា ក្នុងប្រតិបត្តិការខាងលេីនេះ អាជ្ញាធរខណ្ឌទួលគោក បានបែងចែកជា២ក្រុម ដែលដឹកនាំផ្ទាល់ដោយ លោក ចាន់ បណ្ឌិត និងលោក កែវ សុភា អភិបាលរងខណ្ឌ ក្រោមការបញ្ជាដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះត្រួតពិនិត្យជាក់ស្ដែង តាមបណ្ដាទីតាំងភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ទីតាំងម៉ាស្សា និងអាជីវកម្មដ្ឋានមួយចំនួនទៀត ក្នុងមូលដ្ឋាន ចាប់ពីម៉ោង០៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
បេីតាមការបញ្ជាក់ពីលោក ជា ពិសី បានឱ្យដឹងថា សម្រាប់ទីតាំងភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងកន្លែងម៉ាស្សា ដែលពុំទាន់មានច្បាប់អនុញ្ញាតបើកដំណើរការត្រឹមត្រូវ ទាំង៤កន្លែង រួមមាន៖ ភោជនីយដ្ឋាន Flamminggo ក្នុងសង្កាត់បឹងកក់ទី២ ត្រូវបានក្រុមការងារសម្រេចធ្វើកំណត់ហេតុ ឱ្យផ្អាកជាបណ្ដោះអាសន្ន និងណែនាំឱ្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន មុនបើកដំណើរការអាជីវកម្ម។
ដោយឡែកភោជនីយដ្ឋាន «១០៣» ស្ថិតនៅផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង និងភោជនីយដ្ឋាន «អង្គរថ្មី» ស្ថិតនៅផ្លូវ២៥៣ កែងផ្លូវ២១០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ក៏គ្មានច្បាប់អនុញ្ញាតដែរ និងត្រូវបានក្រុមការងារណែនាំឱ្យស្នើសុំច្បាប់ជាមុនសិន មុនបើកដំណើរការអាជីវកម្មរបស់ខ្លួន។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានឱ្យដឹងទៀតថា ទីតាំងក្លឹបហាត់ប្រាណ១កន្លែងទៀត ស្ថិតនៅអាគារអតីតសណ្ឋាគារឈូកទិព្វ ស្ថិតនៅតាមកំណាត់ផ្លូវ៣៣៦ ក្នុងសង្កាត់ផ្សារដើមគ ក៏គ្មានច្បាប់ដែរ និងត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌ ណែនាំឱ្យស្នើសុំច្បាប់ប្រកបអាជីវកម្មជាមុនសិន មុននឹងបើកដំណើរការ ដើម្បីចូលរួមគោរពច្បាប់ និងគោរពវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល៕
ដោយ៖សហការី