ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី និងលោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ និងជាប្រធានឧត្តមមន្ត្រីបរិស្ថានអាស៊ាន នៅទីស្តីការក្រសួងបរិស្ថាន ចាប់តាំងថ្ងៃទី២០-២២ ខែតុលាថ្មីៗនេះ បានដឹកនាំមន្រ្តីបង្គោលអាស៊ានពាក់ព័ន្ធក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីរដ្ឋមន្រ្តី ឬតំណាងរដ្ឋសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីអាស៊ានបូក៣ ក្រុមឧត្តមមន្រ្តីបរិស្ថានអាស៊ាន ក្រុមមន្រ្តីមជ្ឈមណ្ឌលជីវ:ចម្រុះ ក្រុមព្យាករណ៍អាកាសធាតុអាស៊ានពិេសស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេសុី។
ជាក់ស្ដែង នៅក្នុងអង្គប្រជុំនេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថានក្រុង ការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។
អង្គប្រជុំបានពិភាក្សា កត់សម្គាល់ និងអនុម័តលើលទ្ធផលការងារសម្រេចបានសំខាន់ៗ មានដូចខាងក្រោម៖
*១. សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចប្រជុំលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 on UNFCCC)
*២. សេចក្តីថ្លែងការរួមអាស៊ានស្តីពីការអភិរក្សជីវៈចម្រុះ សម្រាប់កិច្ចប្រជុំលើកទី១៥ នៃអនុសញ្ញាជីវៈចម្រុះ (COP15)
*៣. សេចក្តីថ្លែងការរួមអាស៊ាន-ចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព
*៤. សេចក្តីថ្លែងការរួមអាស៊ានស្តីពីសារធាតុគីមីនិងសំណល់ សម្រាប់កិច្ចប្រជុំក្នុងឆ្នាំ២០២១របស់អនុសញ្ញាបាសែល រ៉ូធើដាំ និងស្តុកហូម
*៥. ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន
* ៦. ផែនការសកម្មភាពតំបន់អាស៊ានស្តីពីការទប់ស្កាត់សំរាមសមុទ្រ
* ៧. សំណើផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ
* ៨. របាយការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ
* ៩. របាយការណ៍លើកទី៦ ស្តីបរិស្ថានអាស៊ាន
* ១០. ក្របខណ្ឌអាស៊ានស្តីពីការប្រើប្រាស់ និងផលិតកម្មប្រកបដោយចីរភាព
*១១. វឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការបរិស្ថាន ជាមួយដៃគូអាស៊ានបូក៣ និងដៃគូអាស៊ានផ្សេងទៀត រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ ក៏បានរៀបចំពិធីផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន ដែលកម្ពុជាមានទីក្រុងព្រះសីហនុ រាជធានីភ្នំពេញ ទីក្រុងកែប ទីក្រុងសែននោរម្យ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមលើសេចក្តីថ្លែងការណ៍យុវជនអាស៊ានស្តីពីសកម្មភាពអាកាសធាតុនៅក្នុងតំបន់ និងសកល៕
ដោយ៖សហការី