ក្រុងព្រះសីហនុ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា “ខានូភី ស៊ែន(Canopy Sands)” ដែលជាសមាជិកនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប“) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចែកជូននូវកញ្ចប់ថែទាំជាច្រើនដល់អង្គការ ម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអុងក្រុងព្រះសីហនុ ប្រទេសកម្ពុជាផងដែរ។ ការផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Canopy Sands ក្នុងការបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញក្នុងការស្តារស្ថានភាពប្រទេសក្រោយការរាតត្បាតនៃជម្ងឺកូវីដ–១៩។
ក្រុមការងារ Canopy Sands បានប្រគល់កញ្ចប់ស្បៀងចំនួនប្រមាណ៣០តោន ដែលផ្ទុកនូវសម្ភារចាំបាច់ដូចជា អង្ករ ប្រេងឆា និងអាហារកំប៉ុង នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ អង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅភូមិអុងផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យផ្សេងៗដល់អង្គការ ម្លប់តាប៉ាង រួមជាមួយនឹងជំនួយផ្នែកអប់រំ ដូចជាកាបូបសម្រាប់សិស្សដែលបញ្ជាទិញតាមរយៈមូលនិធិ Indochina Starfish ដែលជាអង្គការសប្បុរសធម៌កម្ពុជាផ្តោតលើគំនិតផ្តួចផ្តើមផ្នែកអប់រំសម្រាប់កុមារក្រីក្រនៅកម្ពុជា។
លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands បានមានប្រសាសន៍ថា “យើងខ្ញុំបានជួបសំណេះសំណាលជាមួយនឹងតំណាងមកពីអង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិអុង ក្នុងការស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគេមុននឹងសម្រេចនូវការរៀបចំដាក់រួមបញ្ចូលគ្នានូវកញ្ចប់ថែទាំទាំងអស់នេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដែលកំពុងដំណើរការបែបនេះនឹងរួមចំណែកក្នុងការជួយកាត់បន្ថយនូវភាពលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺរាតត្បាតកូវីដ–១៩”។
អង្គការ ម្លប់តាប៉ាង គឺជាអង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអង្គការនេះបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗ។ ភូមិអុង ជាទីលំនៅរបស់ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលស្ថិតនៅជិតគម្រោង ទីក្រុងរាម ដែលជាគម្រោងរបស់ក្រុមហ៊ុន Canopy Sands។
កាលពីដើមខែកញ្ញាកន្លងទៅ មូលនិធិព្រីនស៍ (Prince Foundation) ជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានឆ្លើយតបទៅនឹងសំណើសុំជំនួយពីសំណាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដោយបានបរិច្ចាគឈុតឧបករណ៍ការពារផ្ទាល់ខ្លួន PPE សរុបចំនួន ៥,០០០ឈុត ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនសរុបចំនួន ១,០០០ឈុត និងទឹកអាកុលលាងដៃសរុបចំនួន ៤,៥០០លីត្រ។ ក្នុងខែនោះដែរ មូលនិធិព្រីនស៍ ក៏បានដាក់ឱ្យដំណើរការនូវអាហារូបករណ៍ ចេន ហ្ស៊ី ដោយផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាសរុបចំនួន ៤០០នាក់ តាមរយៈការវិនិយោគដែលគិតជាទឹកប្រាក់មានចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលប្រាំពីរឆ្នាំខាងមុខនេះ។
ការផ្តល់ជូននូវជំនួយដ៏ចាំបាច់តាមរយៈអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានា រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាននឹងកំពុងធ្វើការដើម្បីបង្កើតនូវកិច្ចសន្ទនាក្នុងន័យស្ថាបនារវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ ដើម្បីធានាឱ្យមានទំនាក់ទំនងយូរអង្វែងប្រកបដោយផលិតភាព។ នៅក្នុងពិធីចែកអំណោយនៅភូមិអុង លោក លីន សារិន ជាមេឃុំរាមបានសម្តែងនូវការគាំទ្រចំពោះគម្រោង ទីក្រុងរាមដោយសង្ឃឹមថាភាពជោគជ័យនៃគម្រោងនេះនឹងនាំមកនូវភាពរុងរឿងដល់សហគមន៍មូលដ្ឋានរបស់គាត់ផងដែរ ។
ក្រុមហ៊ុន Canopy Sands បច្ចុប្បន្នកំពុងធ្វើការលើគម្រោង ទីក្រុងរាមដែលមានទំហំដីប្រមាណ ៨៣៤ ហិចតា ជាគម្រោងអភិវឌ្ឍន៍ឆ្នេរសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ដែលកំពុងធ្វើការលើផែនការមេចេញដោយក្រុមហ៊ុន Surbana Jurong ជាក្រុមហ៊ុនសិង្ហបុរីប្រឹក្សាលើគម្រោងទីក្រុង ដែលនឹងពាក់ព័ន្ធលើកិច្ចខិតខំប្រឹងប្រែងសាងសង់តាមគោលការណ៍អភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាព។
អំពីក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development)
ក្រុមហ៊ុន Canopy Sands Development Co., Ltd ហៅកាត់ថា “Canopy Sands” មានគោលបំណងពន្លឿននូវការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយការផ្តួចផ្តើមនិងជំរុញគម្រោងសេដ្ឋកិច្ចនានាប្រកបដោយនិរន្តរភាព ដែលមានបំណងបំពេញតម្រូវការសាធារណៈសំខាន់ៗ និងការរួមចំណែកដ៏សំខាន់ដែលមានអត្ថន័យដល់សហគមន៍មូលដ្ឋានក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជីវកម្មនានាក្នុងស្រុក និងវិស័យស្នូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តតែមួយគត់របស់ក្រុមហ៊ុនទាំងមូលលើវិធីសាស្រ្តរួម ដែលផ្តល់នូវផលចំណេញផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ផ្តល់នូវអត្ថប្រយោជន៍វិជ្ជមានផ្នែកសង្គមជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលចំណេញពីការវិនិយោគដ៏គួរឱ្យទាក់ទាញផងដែរ។ ក្នុងរយៈពេល ៥–១០ឆ្នាំខាងមុខទៀត ក្រុមហ៊ុននឹងពង្រីកកិច្ចសហការយ៉ាងឆាប់រហ័សជាមួយនឹងបណ្តាដៃគូសាធារណៈ និងឯកជន ក្នុងវិស័យធុរកិច្ច ទេសចរណ៍ ភស្តុភារ ការលក់រាយ ដឹកជញ្ជូន តំហែទាំសុខភាព និងវិស័យអប់រំដោយនឹងបង្កើតនូវផលប័ត្រដ៏សម្បូរបែបនៃគម្រោងដែលមានតម្លៃខ្ពស់ជាបន្តបន្ទាប់។
ស្របតាមយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ក៏ដូចជាពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកនៃខេត្តព្រះសីហនុ បច្ចុប្បន្ននេះ ក្រុមហ៊ុន Canopy Sands កំពុងអភិវឌ្ឍន៍គោលដៅអាជីវកម្ម និងកម្សាន្តលំដាប់ពិភពលោក ដែលនឹងក្លាយជាកន្លែងដ៏អស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា។
គម្រោង ‘ទីក្រុងរាម‘ ត្រូវបានគេស្គាល់ថាជាការប្រមូលផ្តុំនៃពហុគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន ដែលនឹងផ្តល់នូវកន្លែងដ៏គួរឱ្យទាក់ទាញជាច្រើនដូចជា សួនកម្សាន្តរួមបញ្ចូលគ្នាលក្ខណៈគ្រួសារ តំបន់កម្សាន្ត និងតំបន់សិក្សាអប់រំ មជ្ឈមណ្ឌលអាជីវកម្ម និងហិរញ្ញវត្ថុ រួមជាមួយនឹងផ្ទះវីឡា និងអាផាតមិន គម្រោងផ្នែកបដិសណ្ឋារកិច្ចដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ រមណីយដ្ឋាន និងអាផាតមិន សាលប្រជុំ និងសាលអាពាហ៍ពិពាហ៍ ហាងលក់រាយ និងហាងលក់ទំនិញរួចពន្ធ និងតំបន់ពង្រីកបន្ថែមសម្រាប់ព្រលានយន្តហោះផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
កញ្ញា ចាន់ សុម៉ាល្លីស
Two Way Public Relations
ទូរស័ព្ទលេខ៖ +៨៥៥ ៦៩ ៥៣៣ ៣៣២
អុីម៉ែល៖ [email protected]