លោក ហ៊ុន ម៉ានី៖ វិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីផលប្រយោជន៍ និងសន្តិសុខជាតិ

ចែករំលែក៖

ភ្នំពេញ៖ សមាជិករដ្ឋសភាលោក ហ៊ុន ម៉ានី បានលើកឡើងថាវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវសភាលើកយកពិភាក្សានាថ្ងៃនេះគឺមានគោលដៅដើម្បីបម្រើប្រយោជន៍ជាតិ និងសន្ដិសុខជាតិ។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកលោកថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលចំនួន៤ ដែលមានដូចជា ប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្តនិងតាំងចិត្តបម្រើប្រទេសនិងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌក្នុងនោះមិនឲ្យបរទេសមួយណាយកគំនិតឬផលប្រយោជន៍នយោបាយមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤។
លោកបានបន្ថែមថា ការធ្វើវិសោធនកម្មនៅពេលនេះទៀតសោតជាការបញ្ជាក់របស់គណបក្សប្រជាជនចំពោះមុខប្រជាពលរដ្ឋពីការតាំងចិត្ត ក្នុងការតម្កល់និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។
លោកបានសរសេរថា៖ «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា របស់គណបក្សប្រជាជនទេ ដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេស និងប្រជាជន ហើយបានបន្តដឹកនាំដោយមានការចូលរួមពីឥស្សរជនទាំងក្នុង និងក្រៅប្រទេស ដែលមានឆន្ទៈចូលរួមអភិវឌ្ឍប្រទេសជាតិពិតប្រាកដ។ គណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិជាចម្បងនៅគ្រប់កាលៈទេសៈ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានឧត្ដមគតិ និងសមត្ថភាព មកចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជន និងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។
សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។
ច្បាប់នេះត្រូវបានផ្ដួចផ្ដើមគំនិតដោយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតដោយសារព័ត៌មានបរទេស និងអ្នកនយោបាយរត់ចោលស្រុកម្នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print