ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធវីឌីអូ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានក្នុងខែតុលា និងលេីកទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងនាម លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ផ្ទាល់ សូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន រហូតសម្រេចបាននូវ លទ្ធផលល្អប្រសើរ ទាំងលេីកិច្ចការងារជំនាញ និងកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាស្នាដៃរបស់លោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក ព្រមទាំងលោកនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋាន។
ទន្ទឹមនោះ នាយកដ្ឋាន ក៏បានជួបបញ្ហាប្រឈមខ្លះ ដែលទាមទារឱ្យមន្រ្តីជំនាញត្រូវខិតខំពុះពារថែមទៀត ដើម្បីសម្រេចឱ្យបានជោគជ័យតាមផែនការកំណត់។
ដូចនេះ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ជាទិសដៅអនុវត្តបន្តក្នុងខែវិច្ឆិកា ដែលមានដូចខាងក្រោម៖
- បន្តអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាចាំបាច់ សម្រាប់បម្រើការងាររឹតបន្តឹងការអនុវត្តច្បាប់
- បន្តបេីកវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ ទាំងក្នុងក្របខ័ណ្ឌនាយកដ្ឋាន និងរាជធានី ខេត្ត
- បន្តសហការជាមួយដៃគូពាក់ព័ន្ធ
- បន្តល្បាតចល័តតាមផ្លូវជាតិសំខាន់ៗ
- ត្រៀមកម្លាំងប្រចាំការ ការពារ និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងពិធីផ្សេងនាពេលខាងមុខ
- បន្តលេីកកម្ពស់សាមគ្គីភាពផ្ទៃក្នុង និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ពេលជួបការលំបាក
- បន្តអនុវត្តអោយបានខ្ជាប់ខ្ជួនវិធានសុខាភិបាល ៣កុំ ៣ការពារ ដេីម្បីបញ្ជៀសការឆ្លងរាលដាលនៃជំងឺកូវីត១៩
- និងបន្តប្រកាន់ខ្ជាប់ជានិច្ច សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ក្នុងនាមកងកម្លាំងនគរបាលជាតិ៕
ដោយ៖សហការី