ភ្នំពេញ, នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបក្រើនរំលឹកចុងក្រោយ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដី-១៩ ដូសជំរុញ ឬដូសទី៣ ដែលចាក់ដោយក្រុមគ្រូពេទ្យយោធា នៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន កុះករបានអញ្ជើញមកទទួលវ៉ាក់សាំង ដែលបង្ហាញឱ្យឃើញពីការចូលរួមចំណែកដ៏មានសារៈសំខាន់ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ឱ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺ កូវីដ-១៩។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងមិនទាន់សមាមាត្រនឹងចំនួនតួលេខដែលត្រូវទទួល ចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (ខណ្ឌកំបូល ខ័ណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខ័ណ្ឌទួលគោក ខណ្ឌឬស្សីកែវ) នឹងទទួលចាក់ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត (ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ) ខណៈពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌ ទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់។ (ជូនភ្ជាប់មកជាមួយនូវឧបសម្ព័ន្ធស្តីពីការកែសម្រួលទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដួសទី៣ ជូនប្រជាពលរដ្ឋ)៕