ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦នេះ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបសំណេះសំណាលជាមួយមន្ត្រីវ័យក្មេងរបស់ក្រសួង ដែលមានជំនាញផ្នែកព័ត៌មានវិទ្យា (IT) ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបានផ្តល់ក្របខ័ណ្ឌថ្មីដល់ក្រសួងធនធានទឹក និងឧតុនិយម ។ មន្ត្រីដែលទើបនឹងចូលបម្រើការងារ មានជំនាញផ្សេងៗពីគ្នា ដូចជា សំណង់សុីវិល ព័ត៌មានវិទ្យា គណនេយ្យ ទេពកោសល្យជនបទ គ្រប់គ្រង។
មន្ត្រីវ័យក្មេងទាំងអស់នេះ បើទោះបីជាធ្លាប់បានទទួលការបណ្តុះបណ្តាលលើជំនាញដូចគ្នា ប៉ុន្តែសិក្សានៅគ្រឹះស្ថានអប់រំផ្សេងៗគ្នា ដូច្នេះចំណេះជំនាញដែលទទួលបាន ក៏មិនដូចគ្នាទាំងស្រុងនោះដែរ ។ ក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រីវ័យក្មេង ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោករដ្ឋមន្ត្រី បានសម្រេចចងក្រងមន្ត្រីវ័យក្មេងទាំងនេះ ទៅតាមជំនាញនីមួយៗ បើទោះបីជាពួកគេកំពុងបម្រើការនៅនាយកដ្ឋានផ្សេងៗគ្នាក៏ដោយ ។ ការធ្វើរបៀបនេះ គឺ៖
ទី១-ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាលបន្ថែម តាមរយៈការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក ហើយបើក្រុមពិនិត្យឃើញថា ត្រូវការបណ្តុះបណ្តាលលើចំណុចខ្វះខាត ឬក៏បច្ចេកវិទ្យាថ្មីៗ នោះក្រសួងនឹងស្វះស្វែងរកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា ដើម្បីបង្ហាត់បង្ហាញ ។
ទី២-ដើម្បីឱ្យមន្ត្រីវ័យក្មេង មានទន្លាប់ធ្វើការងារជាក្រុម ព្រោះថា ក្នុងនាមជាមន្ត្រីរាជការ ពួកគេមិនអាចធ្វើការដាច់ដោយឡែក ដូចដែលពួកគេមានជីវភាពជាសិស្ស ឬនិស្សិតនោះឡើយ ។
ទី៣-បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមរួចហើយ ក្រុមនីមួយៗ ត្រូវបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវ ឬបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីៗ ដែលមានប្រយោជន៍ដល់ក្រសួង ក៏ដូចជាសង្គមជាតិ ។ លទ្ធផលនៃការស្រាវជ្រាវ នឹងត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ។
ទី៤-សម្រាប់អ្នកដែលមានសមត្ថភាព មានការតស៊ូ នឹងមានបំណងចង់បន្តការសិក្សាបន្ថែម ក្រសួងនឹងបញ្ជូនទៅបណ្តុះបណ្តាលកម្រិតក្រោយឧត្តមសិក្សា នៅក្រៅប្រទេស ។
ទី៥-ទន្ទឹមនឹងការបណ្តុះបណ្តាលផ្នែកទ្រឹស្តី ក្រសួងក៏នឹងរៀបចំឱ្យមានមន្ទីរពិសោធន៍ ឬក៏រោងជាង សម្រាប់ការអនុវត្តផ្ទាល់ផងដែរ ។
លោករដ្ឋមន្ត្រី បានបន្តថា នៅពេលខាងមុខ ក្រសួងនឹងបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យ (Database Center) ដែលមានសមត្ថភាពផ្ទុកទិន្នន័យរាប់រយ តេរ៉ាបៃត៍ (TB) ។ មជ្ឈមណ្ឌលនេះ នឹងគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យាទាំងស្រុង ។ ដូចនេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីផ្នែកព័ត៌មានវិទ្យា គឺពិតជាមានសារសំខាន់ ។
លោករដ្ឋមន្ត្រី ក៏បានរំលឹកដល់មន្ត្រីវ័យក្មេងទាំងអស់ដែរថា មន្ត្រីរាជការចាស់ៗរបស់ក្រសួង ត្រូវបានចូលនិវត្តន៍ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ។ ជាការពិត ដើម្បីនិរន្តរភាពរបស់ស្ថាប័ន គឺត្រូវតែមានអ្នកបន្តវេន ឬត្រូវមានទំពាំងដើម្បីស្នងឫស្សី ។ ដូចនេះដើម្បីក្លាយជាឫស្សីបាន លុះត្រាតែទំពាំងនោះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បើពុំនោះទេ នឹងក្លាយជាទំពាំងជ្រក់ជាមិនខាន ។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការរៀបចំជាក្រុមតាមជំនាញនេះឡើង ក្នុងទិសដៅបង្កើនសមត្ថភាព ទាំងចំណេះជំនាញ ទាំងរបៀបរបបធ្វើការងារ ទាំងការសិក្សាស្រាវជ្រាវ ពោលគឺជាការបណ្តុះទំពាំងឱ្យក្លាយទៅជាឫស្សីពិតប្រាកដ ៕
ដោយ៖ សុខ ខេមរា