ខេត្តកណ្ដាល÷រសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១លោកគង់សោភ័ណ្ឌ និងលោកម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា ក្រោមប្រធានបទ “ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា” នៅសាលាខេត្តកណ្តាល។
ការប្រារព្ធទិវាមនុស្សចាស់ ០១តុលា នាពេលនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងលោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាប្រធាន ចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សវ័យចាស់ដែលជាធនធានដ៏មានសារៈសំខាន់មិនចេះរីងស្ងួត និងជាគ្រឹះ នៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។
សមាគមមនុស្សចាស់ គឺជាអង្គការសហគមន៍មួយ ដែលមានគោលដៅលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់តាមរយៈសកម្មភាពរួមដែលផ្តល់ផលប្រយោជន៍ដល់មនុស្សចាស់ផ្ទាល់ និងសហគមន៍របស់ពួកគាត់ ។
គោលបំណង នៃការបង្កើតសមាគមមនុស្សចាស់ឡើងគឺដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ គុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ត ជម្រុញមនុស្សចាស់អោយជួយគ្នាទៅវិញទៅមកក្នុងន័យជម្រុញ និងផ្សព្វផ្សាយអោយមានការគាំទ្រដល់សហគមន៍ ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។
លើសពីនេះទៅទៀត សមាគមមនុស្សចាស់រៀបចំឡើងដើម្បីផលប្រយោជន៍របស់មនុស្សចាស់ដែលងាយរងគ្រោះ និងមានការលំបាកផ្នែកហិរញ្ញវត្ថុ ឫជីវភាពរស់នៅក្នុងសហគមន៍ ការសាមគ្គីគ្នា ដោះស្រាយបញ្ហារបស់មនុស្សចាស់ ផ្តល់នូវសុខុមាលភាពផ្នែកសង្គម សម្រាប់មនុស្ស ចាស់ក្រីក្រ ដែលងាយរងគ្រោះតាមរយៈការសួរសុខទុក្ខ និងផ្ដល់អត្ថប្រយោជន៍ ពីតំណាងអាជ្ញាធរមូលដ្ឋាន។
ស្ថិតក្នុងឱកាសនេះដែរ អភិបាលខេត្តកណ្ដាលបានឧបត្ថម្ភដល់ លោកតា លោកយាយ ពូ មីង ចំនួន៣០០នាក់ ដែលបានចូលរួមពិធីនាថ្ងៃនេះ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គ.ក,មី១កេស ត្រីខ១យួរ,ម៉ាស ១ប្រអប់ និងថវិកាចំនួន ១០០,០០០រៀល (មួយរយពាន់រៀល)៕
ដោយ ស៊ុនហេង