BREAKING NEWS ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមបន្ធូរបន្ថយវិធានការរដ្ឋបាលលើកលែងតែ ខារ៉ាអូខេ រង្គសាល និងឌីស្តូតែក

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមបន្ធូរបន្ថយអាជីវកម្មដែលមានហានិភ័យខ្ពស់ជាច្រើនកន្លងមកដោយរឹតត្បិតផ្អាកជាបណ្ដោះអាសន្នត្រឹមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្តូតែក​ សម្រាប់រយៈពេល១៤ថ្ងៃបន្តទៀតតែប៉ុណ្ណោះ។
វិធានការរដ្ឋបាល ដែលបានដាក់ចេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដោយលោក ឃួង ស្រេង ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពរីករាលដាលវីរ៉ុសកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញមានការថមថយជាបន្តបន្ទាប់។ ការបន្តដាក់ចេញនូវវិធានការដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានធ្វើឡើងសម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃបន្ថែមទៀតគិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានបញ្ជាក់ក្នុងសេចក្ដីសម្រេចថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរូមលើសពី ៥០ (ហាសិប) នាក់ លើកលែងតែក្នុងករណីដូចជាការជួបជុំក្នុងចំណោមសមាជិកគ្រួសារនិងសាច់ញាតិក្នុងពិធីសាសនា ឬពិធីប្រពៃណីផ្សេងៗកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍៖​ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈថ្នាក់ក្នុងការ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្ដី ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតដែរថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣នៃសេចក្ដីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print