មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​៖​ ទោចថ្ពាល់លឿង ប្រភេទពានរដែលជិតផុតពូជនៅលើពិភពលោក នៅតែរក្សាវត្តមានច្រើនជាងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៨​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សត្វទោចថ្ពាល់លឿង ត្រូវបានកត់ ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើត នៃប្រទេសកម្ពុជា និងភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះ។ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វតូចថ្ពាល់លឿងមានចំនួនប៉ុន្មានក្បាលនៅលើពិភពលោកនោះទេ តែប្រទេសកម្ពុជាត្រូវបានគេជឿថាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីម៉ាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មាន មានប្រហែល ៦៦៩ក្រុម ឬស្មើប្រមាណ ១០០០ ក្បាល។

កូនទោចថ្ពាល់លឿងមានសម្បុរពណ៌លឿង ហើយនឹងប្រែពណ៌តាមភេទរបស់វា។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាង មានពណ៌លឿង ចំណែកសត្វទោចញីមានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញសត្វទោចចុះមកដីណាស់។ មេទោចត្រូវចំណាយពេលពពោះ រយៈពេល ២១០ ថ្ងៃ ក្រោយពីកើតកូនហើយយ៉ាងហោចណាស់ ២ ឬក៏ ៣ ឆ្នាំដែរទើប មេទោចថ្ពាល់លឿងមានកូនម្ដងទៀត។

សត្វទោចថ្ពាល់លឿងជាទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី២ក្បាលទៅ៥ក្បាល។ ទោចថ្ពាល់លឿងចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសំឡេ ងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។

ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូង ក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print