ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ព្រោះតែខឹងគេមើលមុខបានទាញដំបងឈើជ្រុងវាយបំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ករណីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅលើចិញ្ចើមផ្លូវជាតិលេខ១៤ ត្រង់ចំណុចខាងមុខផ្ទះរបស់ឈ្មោះ សាំង ម៉ៅ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ យ៉ុង យ៉ាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ជនរងគ្រោះឈ្មោះ សារឹម សារួន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកណ្ដាល 1O-8373 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សារឹម សារួន បានជិះម៉ូតូរបស់ខ្លួនទៅឈប់នៅលើចិញ្ចើមផ្លូវជាតិលេខ១៤ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ សាំង ម៉ៅ ហើយក៏បានដើរចូលទៅដេកលើអង្រឹងខាងមុខផ្ទះ ។ ពេលជនរងគ្រោះកំពុងដេកជនសង្ស័យបានដើរអើតចុះឡើងមើលទៅក្នុងផ្ទះឈ្មោះ សាំង ម៉ៅ ខណៈនោះជនរងគ្រោះបានតាមមើលមុខជនសង្ស័យ ហើយជនសង្ស័យក៏បានដើរហួសទៅទិសខាងជើងបាត់ទៅ ។ មួយសន្ទុះក្រោយមកជនសង្ស័យបានដើរត្រឡប់មកវិញ ដោយមានកាន់ដំបងឈើជ្រុងប្រវែងប្រមាណ១ម៉ែត្រវាយសំពងទៅលើម៉ូតូជនរងគ្រោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចេញអន្ដរាគមន៏ឃាត់ខ្លួនជនសង្ស័យរួមទាំងជាមួយដំបងឈើជ្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ
...