ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ប្រាប់សារព័ត៌មាន ថាក្រសួងពុំមានការសម្រេចណាមួយក្នុងឆ្នាំនេះអនុញ្ញាតដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ទី៩) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ទី១២) អាចជាប់ដោយស្វ័យប្រវត្តិនោះទេ ខណៈលោកស្នើអំពាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យសហការជាមួយក្រសួងដើម្បីស្វែងរកអ្នកបង្កើតព័ត៌មានមិនពិតនេះចាត់វិធានការតាមច្បាប់ផងដែរ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំនៅពេលនេះគឺបន្ទាប់ពីមានការចែករំលែកតគ្នានូវសេចក្ដីជូនដំណឹងមួយអំពីការសម្រេចរបស់ក្រសួងអប់រំដែលអនុញ្ញាតដល់បេក្ខជនដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ទាំងអស់ជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស ដែលអ្នកនាំពាក្យក្រសួងអប់រំថាជាព័ត៌មានក្លែងក្លាយ។
លោក រស់ សុវាចា បានលើកឡើងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងបាក់ឌុបនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងអប់រំសូមលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយនិងតាមអនឡាញទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈដែលកម្ពុជានឹងពិភពលោកនៅប្រឈមជាមួយកូវីដ-១៩នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងបរិបទសិក្សាក្នុងបរិបទកូវីដ-១៩» ។
គួររំលឹកផងដែរថា កម្ពុជាធ្លាប់អនុញ្ញាតឱ្យសិស្សប្រលងមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ជាស្ថាពរតែម្ដងគត់កាលពីឆ្នាំ២០២០ ដោយថាដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
ដោយ, សិលា