ប្រទេសមីយ៉ាន់ម៉ា៖ មានករណីផ្ទុះជាច្រើនបានកើតឡើងនៅ៧សាខាធនាគារ KBZ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទីពីរនៃប្រទេសមីយ៉ាន់ម៉ា ។ សារព័ត៌មាន Myanmar now បានផ្សាយថា ការផ្ទុះនៅតាមសាខាធនាគារកើតឡើងក្រោយមានក្តីបារម្ភពីធនាគារឯកជនក្នុងប្រទេសនេះបញ្ជូនព័ត៌មានរបស់អតិថិជនទៅឱ្យរដ្ឋាភិបាលយោធា ។ តាមសារព័ត៌មានខាងលើបានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើដល់បណ្តាធនាគារផ្តល់ព័ត៌មានពី អតិថិជនដើម្បីតាមដានសកម្មភាពប្រភពហិរញ្ញវត្ថុសម្រាប់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ សារព័ត៌មាន Myanmar now បានដកស្រង់សម្តីពលរដ្ឋនៅក្នុងតំបន់ដែលបានឱ្យដឹងថា «ខ្ញុំគិតថា ធនាគារ KBZ ក្លាយជាគោលដៅ ដោយសារតែមនុស្សជាច្រើនជឿជាក់ថា ធនាគារនេះបានចែករំលែកព័ត៌មានពីអតិថិជនដែលបានចំណាយប្រាក់សម្រាប់សកម្មភាពប្រឆាំងរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះធនាគារនេះអាចនឹងបង្កកប្រាក់អតិថិជនតាមការបញ្ជារបស់រដ្ឋាភិបាលយោធា»។ នៅពេលនេះដែររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់វិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។ បច្ចុប្បន្នក៏មិនទាន់មានក្រុមណាមួយចេញមុខថាបានវាយប្រហារសាខាធនាគារ KBZ នោះដែរ៕ ដោយសាធី
សាខារបស់ធនាគារឯកជន KBZ ក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបភាព៖ anninhthudo.vn.