លោក ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងខួប៥ឆ្នាំរបស់អង្គភាពសារព័ត៌មាន SWIFT NEWS និង BEST TV និងជូនពរឱ្យអង្គភាពបន្តដំណើរឆ្ពោះទៅមុខតាមទស្សនវិស័យ<ជំហានគីង្គក់>

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពសារព័ត៌មាន Swift News និង Best TV បានរៀបចំកម្មវិធីអបអរសាទរខួប៥ឆ្នាំរបស់ខ្លួន ថ្ងៃទី៣០ ខែតុលា ២០១៦-២០២១ ក្រោមអធិបតីភាព លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

អង្គភាពសារព័ត៌មាន Swift News និង Best TV ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ គឺក្រោយរយៈពេល២ខែ បន្ទាប់ពីឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំបង្កើត សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)។ ជាស្ថាបនិកនៅពេលនោះ លោកបានគិតគូរក្នុងដំណាក់កាលដំបូង គឺរៀបចំជាអង្គភាពផ្សព្វផ្សាយមួយនេះ ស្ថិតក្រោមចំណុះសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា។ ក៏ប៉ុន្តែ បន្ទាប់ពីការគិតគូរហ្មត់ចត់លើនីរន្តរ៍ភាព ដើម្បីអាចរីកចម្រើនទៅមុខបានយូអង្វែង អង្គភាពសារព័ត៌មាន Swift News និង Best TV ក៏ត្រូវបានរៀបចំឱ្យក្លាយជាអង្គភាពព័ត៌មានដាច់ដោយឡែក ដែលមានស្វ័យភាពនិងឯករាជ្យភាព លើយន្តការដឹកនាំ យន្តការហិរញ្ញវត្ថុ និងយន្តការការងារ។

នៅក្នុងឱកាសខួប៥ឆ្នាំ លោក ហ៊ុយ វណ្ណៈ បានសម្តែងនូវមោទនភាពដែលអង្គភាពព័ត៌មាន Swift News និង Best TV អាចឈរជើងដំណើការទៅបានក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយទោះបីស្ថិតក្នុងកាលទេសៈរយៈពេល២ឆ្នាំចុងក្រោយ ដែលសង្គមជាតិនិងពិភពលោក ត្រូវបានវាយប្រហារដោយជំងឺកូវីដ-១៩ក្តី ប៉ុន្តែអង្គភាពសារព័ត៌មាន Swift News និង Best TV នៅតែមានភាពរឹងមាំ ទាំងការគ្រប់គ្រងដឹកនាំ និងហិរញ្ញវត្ថុ ក៏ដូចជារក្សាបានការងារជូនដល់បុគ្គលិកវ័យក្មេងប្រកបដោយឋាមពលជាច្រើននាក់ ឱ្យមានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យ និងចំណេះដឹង បម្រើជូនដល់សាធារណៈជន និងសង្គមជាតិរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសដែរនេះ លោក ហ៊ុយ វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃអង្គភាពព័ត៌មាន Swift News និង Best TV បន្តដំណើរឆ្ពោះទៅមុខតាមទស្សនវិស័យ «ជំហានគីង្គក់» ដែលជាវិចារវិទ្យាដឹកនាំ និងការបំពេញការងារ ដោយឈរលើភាពប្រាកដនិយម ហើយមានគុណតម្លៃក្នុងការធានានីរន្តរ៍ភាពស្ថាប័ន។ លោក ក៏បានផ្តាំផ្ញើថា ត្រូវខិតខំយកឱកាសការងារដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អឡើង ត្រូវចូលរួមធ្វើជាអ្នកកាសែតថ្លៃថ្នូរ មានសុជីវធម៌ និងត្រូវប្រកាន់យកទស្សនជាតិនិយមគ្រប់កាលៈទេសៈ។

នៅក្នុងឱកាសនៃការអបអរសាទរខួប៥ឆ្នាំរបស់អង្គភាពសារព័ត៌មាន Swift News និង Best TV នេះដែរ ថ្នាក់ដឹកនាំនិងបុគ្គលិកបានបង្ហាញនូវអារម្មណ៍រីករាយ ជាពិសេសយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងជាបន្តបន្ទាប់អំពីការផ្សាយរបស់អង្គភាពព័ត៌មាន Swift News និង Best TV ចាប់តាំងពីចាប់ផ្តើមដំណើរការដំបូង ដោយចាត់ទុកជាសារព័ត៌មានអនឡាញមានល្បឿនលឿន ដែលធ្វើឱ្យសារធារណៈជនមានការចាប់អារម្មណ៍ និងទទួលស្គាល់បន្តិចម្តងៗជាលំដាប់។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីជាឧត្តមប្រយោជន៍ដល់កម្ពុជា។

លោក ពេជ្រ វុឌ្ឍា អគ្គនាយក បានថ្លែងអបអរសាទរយ៉ាងដូចច្នេះថា៖ «យើងប្តេជ្ញាកសាងព័ត៌មានប្រកបដោយតម្លៃ និងស្មារតីជាតិនិយម។ ផ្សាយព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ តម្កល់ផលប្រយោជន៍ជាតិជាធំ តាមរយៈការផ្សាយលើកស្ទួយកិត្តិយសជាតិ ថែរក្សា ការពារព្រលឹងជាតិ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដើម្បីស្ថេរភាព សន្តិភាព និងការរីកចម្រើនជានិច្ចនិរន្តន៍»។

កញ្ញា ហៃ សោភា ពិធីការនីវ័យក្មេងនិងជាផលិតករវីដេអូ បានសម្តែងចំណាប់អារម្មណ៍ដែរថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានរួមដំណើរជាមួយស្ថាប័ន Swift News និង Best TV ដែលស្ថាប័ននេះបានផ្ដល់ឱកាស និងបទពិសោធន៍ការងារជាច្រើនដល់នាងខ្ញុំ»។

ពិធីការនីនិងជាផលិតករវីដេអូឆ្នើមមួយរូបទៀត គឺអ្នកនាង អាន ស្រីណែត ក៏បានតាំងចិត្តខិតខំបន្តអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីអង្គភាពមានការរីកចម្រើនទៅមុខ ជាពិសេសខិតខំស្វែងរកអ្វីដែលថ្មី ប្លែក ដើម្បីផ្តល់ជូនដល់ទស្សនិកជន។

អ្នកស្រី អេង ស្រីទៀង ចាងហ្វាងការផ្សាយ បានបង្ហាញនូវអារម្មណ៍រីករាយដែលបានចូលបម្រើការងារនៅ ស្ថាប័ន Swift News និង Best TV ហើយអ្នកស្រីនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ និង ចូលរួមផ្សាយព្រឹត្តិការណ៍សំខាន់ៗ ដែលជាប្រយោជន៍ដល់មហាជន។

ផលិតករព័ត៌មានអន្តរជាតិ កញ្ញា គុច ណារ៉ែន បានលើកឡើងថា កញ្ញា នឹងខិតខំបន្ថែមក្នុងការផ្សព្វផ្សាយព័ត៌មានពិត លឿន រហ័ស ជូនប្រិយមិត្តសាធារណៈជន។

សម្រាប់អ្នកនាង សាន លីម៉ា ដែលជាផលិតករព័ត៌មានអន្តរជាតិមួយរូបទៀត បានប្តេជ្ញាចិត្តថា នឹងបន្តធ្វើជាផ្នែកមួយ ដើម្បីចូលរួមចំណែកដល់ការរីកចម្រើនទៅមុខរបស់អង្គភាព Swift News និង Best TV។

លោក អោម ចែតច័ន្ទណារ៉ា ក្នុងនាមជានិពន្ធនាយក បានសន្យាថា Swift News និង Best TV នឹងប្រើប្រាស់ធនធាន និងមធ្យោបាយដ៏សម្បូណ៍បែបប្រកបដោយសក្តានុពលរបស់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងបណ្តុះមនសិកាស្នេហាជាតិកម្ពុជា។ដំណើរនៃការអភិវឌ្ឍន៍ Swift News និង Best TV ពិតជានៅវែងឆ្ងាយទៀត។ ឥឡូវនេះ លោកអ្នកអាចតាមដានទស្សនាកម្មវិធីនានា និងព័ត៌មានប្រចាំថ្ងៃ ពីការផ្សាយរបស់អង្គភាពព័ត៌មាន Swift News និង Best TV តាមរយៈមធ្យោបាយ៖ APP, Website, Facebook Page, Telegram, Youtube Channel, និងបណ្តាញ Tiktok។ វីដេអូមួយចំនួនដែលយើងផលិតផ្សាយ មានអ្នកចូលមើលរហូតច្រើនជាង២លាននាក់៕

...

ប្រភព៖ (Swift News )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print