ភ្នំពេញ៖ កាលពីឆ្នាំ២០២០កន្លងទៅកម្មវិធី Miss Grand Cambodia ធ្លាប់បានធ្វើការដកតំណែងកញ្ញាឯក Miss Grand Cambodia 2020កញ្ញា សេង រដ្ឋា ម្តងរួចមកហើយរហូតធ្វើឱ្យផ្អើលអស់មហាជន និងអ្នកស្នេហាវិស័យកញ្ញាឯក។ មកដល់ឆ្នាំនេះមានករណីថ្មី គឺការប្រកាសដកតំណែងអ្នកច្នៃឈុតតំណាងជាតិឆ្នើមនៃកម្មវិធីMiss Grand Cambodia 2021វិញម្តង។
មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះក្រោយ ពីគេហទំព័រផ្លូវការរបស់ Miss Grand Cambodia បានប្រកាសស្តីអំពីការដកតំណែងអ្នកច្នៃឈុតតំណាងជាតិឆ្នើម គឺក្រុមស្រមោលដែលជាអ្នកច្នៃឈុតតំណាងជាតិប្រចាំខេត្តសៀមរាបនោះ។ ការប្រកាសដកតំណែងលើកដំបូងមិនធ្លាប់មានក្នុងវិស័យកញ្ញាឯកនៅកម្ពុជា និងក្រោយពីមុននេះលេចចេញដំណឹងចម្រូងចម្រាសមួយចំនួនជុំវិញការកែតម្រូវឈុតតំណាងជាតិពីកម្ពុជា មុនពេលកម្មវិធីប្រកួតសម្រស់អន្តរជាតិMiss Grand International 2021 នឹងត្រូវធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មមហាហង្សដែលជាអ្នកទទួលសិទ្ធិក្នុងការរៀបចំកម្មវិធីប្រកួតនៅកម្ពុជា បានលើកហេតុផលមកបញ្ជាក់ថា ក្រុមអ្នកច្នៃឈុតតំណាងជាតិនោះបានប្រព្រឹត្តខុសទៅនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុនដែលមានចែងនៅក្នុងកិច្ចសន្យាស្តីអំពីការប្រុងប្រយ័ត្នខ្ពស់ និងហ៊ានទទួលខុសត្រូវចំពោះការបង្ហោះរូបភាព ឬសារផ្សេងៗនៅលើបណ្តាញសង្គមដែលអាចនឹងមានផលប៉ះពាល់មកលើប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់សាមីខ្លួនរួមទាំងក្រុមហ៊ុនផងដែរ។ លិខិតខាងលើក៏បានបញ្ជាក់ទៀតថា មានការផ្តល់ព័ត៌មានដោយពុំមានការអនុញ្ញាត ធ្វើឲ្យប៉ះពាល់និងមានការយល់ច្រឡំគ្នារវាងកម្មវីធីMiss Grand Cambodia នឹងកម្មវិធី Miss Grand Internationalយ៉ាងខ្លាំង ។ ជាមួយគ្នានេះផលិតកម្មក៏បានចេញលិខិតដកតំណែងថ្មីមួយបន្ថែមទៀតនៅព្រលប់ថ្ងៃដដែលនេះ ដោយប្រកាសធ្វើការផ្ទេរតំណែងរួមទាំងពានរង្វាន់ ប្រាក់រង្វាន់ និងឆៀងជូនអ្នកច្នៃឈុតតំណាងជាតិរងទី២របស់កម្មវិធីខាងលើវិញ។
មានលេចចេញសារចម្រូងចម្រាសជាច្រើនជុំវិញការបង្ហោះលិខិតជូនដំណឹង និងលិខិតដកតំណែងខាងលើ។
គេនៅបន្តរង់ចាំតាមដានទៀតថា តើក្រុមអ្នកច្នៃឈុតតំណាងជាតិក្រុមស្រមោល នឹងមានចំណាប់អារម្មណ៍យ៉ាងដូចម្តេច ចំពោះការដកតំណែងនេះ។
គួរបញ្ជាក់ដែរថា ក្រុមស្រមោលគឺជាក្រុមរចនាឈុតតំណាងជាតិលេចធ្លោមួយក្នុងចំណោមក្រុមរចនាឈុតតំណាងជាតិជាច្រើននៅកម្ពុជា ដោយឆ្នាំនេះក្រុមស្រមោលបានធ្វើការរចនាឈុតតំណាងជាតិចំនួន២សម្រាប់បេក្ខភាពចូលរួមប្រកួតកម្មវិធីខាងលើ ហើយឈុតតំណាងជាតិខេត្តសៀមរាបដែលរចនាជារូបប្រាសាទអង្គរវត្ត និងអប្សរាទទួលបានការចាប់អារម្មណ៍រហូតក្លាយជាឈុតឆ្នើមប្រចាំកម្មវីធី Miss Grand Cambodia ២០២១ ៕
ដោយ ៖ វឌ្ឍនា