ភ្នំពេញ ៖នាព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អ៊ុំ មាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលមរណភាព នាថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៣:១៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ លោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោក អ៊ុំ មាន ដែលនេះជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្ស ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យការងារ ប្រកបដោយសមត្ថភាព ស្មារតី ទទួលខុសត្រូវ និងជាសហសេវិក ដែលរួមការងារតាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ ច្រើនរាប់មិនអស់ និងបានបន្សល់នូវស្នាដៃជាច្រើនជូនប្រទេសជាតិ។
លោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុំ មាន សូមបានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា