ឃុំខ្លួនលោក យុត ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YRT ក្រោយពីចៅក្រមបញ្ចប់ ការស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃអាទិត្យទី ៣១តុលា ឆ្នាំ២០២១នេះ បានចេញដីកាសម្រេចឃុំខ្លួនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YRT ដាក់ពន្ធនាគារជាបណ្ថោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស(ក្រុមឆបោកមានការចាត់តាំង)។ ជនត្រូវចោទឈ្មោះ យុត ឫទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) មានទីលំនៅ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) មានទីតាំងស្ថិតនៅអគារ Exchange Square ជាន់ទី១៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា លោក យុត ឫទ្ធី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងអំពើ (ឆបោកមានការចាត់តាំង )។

តាមដំណើររឿងនេះ គឺ ជនរងគ្រោះបានស្គាល់លោក យុត ឫទ្ធី តាមរយៈមិត្តភក្តិម្នាក់ទៀត ក្នុងអំឡុងដើមឆ្នាំ២០២១ ដែល លោក យុត ឫទ្ធី អះអាងថា លោកគឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) ។

តាមប្រភពព័ត៌មាន លោក យុត ឫទ្ធី តែងតែលួងលោមជនរងគ្រោះ ឲ្យដាក់ប្រាក់រកស៊ីជាមួយគ្នា ដើម្បីទទួលបានការប្រាក់ពីការជួញដូរទើបជនរងគ្រោះដាក់ប្រាក់ជាបន្តបន្ទាប់ចំនួន៤ដង សរុបទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក តែ លោក យុត ឫទ្ធី មិនបានដាក់ប្រាក់ជនរងគ្រោះចូលក្នុងក្រុមហ៊ុន  វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) នោះទេក្រោយមកនៅពេលដែលជនរងគ្រោះដឹងថា មិនបានដាក់ប្រាក់ចូលក្រមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) លោក យុតប្ញទ្ធី បានដោះសារប្រាប់ជនរងគ្រោះថា ខ្លួនបានដាក់ប្រាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ ត្រេឌីង ឯ.ក ទៅវិញ តែចុងបញ្ជប់ ក៏មិនបានដាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ នេះដែរ មានន័យថា លុយ គឺចូលហោប៉ាវផ្ទាល់ខ្លួនចាយវាយខ្លួនឯង ។ ប៉ុន្តែ ក្រោយមកលោក យុត ឫទ្ធី បានប្រើហេតុផលគ្រប់បែបយ៉ាងមិនប្រគល់ប្រាក់ឲ្យជនរងគ្រោះវិញទេ ខណៈមានគេប្រាប់ថា លោក យុត ឫទ្ធី ត្រូវបានបញ្ឈប់ពីប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក ទៅហើយ ។

ក្រោយមក ជនរងគ្រោះបានប្តឹងលោក យុត ឫទ្ធី ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនលោក យុត ឫទ្ធី បញ្ជូនមកអយ្យការអមសាលាដំបូង ។

     

សូមបញ្ជាក់ថា ក្រោយការសាកសួរតំណាងអយ្យការបានចោទប្រកាន់ឈ្មោះ យុត ឬទ្ធី ពីបទ ឆបោកមានស្ថានទម្ងន់ ទោស តាមមាត្រា ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមសើុបសួរ លោក ឆឹម ឬទ្ធី បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ។ 

បច្ចុប្បន្នជនជាប់ចោទកំពុងបញ្ជូនខ្លួនទៅពន្ធនាគារដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន ៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print