ភ្នំពេញ, លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ បានសំណេរនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, រាល់កិច្ចប្រជុំអន្តរជាតិធំៗតែងមានរឿងរ៉ាវក្រៅឆាកដែលខ្ញុំធ្លាប់បានសរសេរច្រើនរួចមកហើយ។ លោកបន្តថា, សម្រាប់កិច្ចប្រជុំឆ្នាំនេះ ប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះមួយឆ្នាំពេញ តែមិនបានទទួលមេកដឹកនាំមកពី១៧ប្រទេសផ្សេងទៀតដោយផ្ទាល់នៅក្នុងប្រទេសខ្លួនឡើយ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលតម្រូវឱ្យកិច្ចប្រជុំប្រព្រឹត្តទៅតាមអនឡាញ។ យ៉ាងណាក៏ដោយសម្រាប់កិច្ចប្រជុំរយៈពេលបីថ្ងៃ (២៦-២៨ ខែតុលា ឆ្នាំ២០២១) មានរឿងរ៉ាវក្រៅឆាកខ្លះៗដែលខ្ញុំសូមបើកវាំងននដូចតទៅ៖
ប្រទេសភូមាបានធ្វើឱ្យអាស៊ានឈឺក្បាល៖
នៅឯកិច្ចប្រជុំកំពូលផ្តាច់ព្រាត់ចុងឆ្នាំនេះ អវត្តមានរបស់ប្រទេសភូមាបានធ្វើឱ្យសារព័ត៌មានធំៗពិភពលោកផ្សព្វផ្សាយព្រោងព្រាត ដោយមានការដាក់ចំណងជើងខុសៗគ្នា។ ខ្លះសរសេរថា “ភូមាធ្វើពហិការមិនចូលរួមប្រជុំកំពូលអាស៊ានទេ, អាស៊ានមិនបានអញ្ជើញមេដឹកនាំយោធាភូមាចូលរួមប្រជុំឡើយ” ឯខ្លះទៀតសរសេរថា “កិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តិទៅដោយគ្មានភូមា”…។ល។
លោកថ្លែងថា, ដើម្បីស្រាយចំងល់ ខ្ញុំសូមផ្តល់សាវតានៃរឿងដូចតទៅ៖ ប្រទេសព្រុយណេក្នុងនាមជាប្រធានអាស៊ានមិនបានអញ្ជើញលោក មីង អោងលាំង មេដឹកនាំយោធាភូមាបច្ចុប្បន្នដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឱ្យចូលរួមទេ តែបានសរសេរលិខិតអញ្ជើញឥស្សរជនមួយរូបដែលមិនមែនជាអ្នកនយោបាយ “non-political figure” ដើម្បីមកចូលរួម ប៉ុន្តែភូមាមិនបានបញ្ជូនឥស្សរជនណាមួយឡើយ ទុកឱ្យប្រអប់ប្រទេសភូមាលើអេក្រង់ទូរទស្សន៍ប្រជុំចំហរធ្លុង នេះហើយដែលសារព័ត៌មាននាំគ្នាដាក់ចំណងជើងថា “ភូមាពហិការមិនចូលរួមប្រជុំ” ។ មូលហេតុដែលអាស៊ាន៩ប្រទេស (ដកភូមា) មូលមតិគ្នា មិនអញ្ជើញលោក មីង អោងឡាំង ឱ្យចូលរួមប្រជុំនោះដោយសារតែមេដឹកនាំរបបយោធារូបនេះមិនបានអនុវត្តឬគោរពតាមកិច្ចសន្យារបស់ខ្លួនជាមួយមេដឹកនាំអាស៊ាន៩ទៀតកាលពីខែមេសាកន្លងមកជុំវិញការឯកភាពគ្នាចំនួនប្រាំចំណុចស្តីពី៖ ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា, ការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីទាំងអស់, ការតែងតាំងបេសកជនពិសេសអាស៊ានដើម្បីជួយសម្រួលដល់កិច្ចសន្ទនា, ការផ្តល់ជំនួយមនុស្សធម៌, និងដំណើរទស្សនកិច្ចរបស់បេសកជននៅមីយ៉ាន់ម៉ា។ អាស៊ានបានតែងតាំងបេសកជនពិសេសមួយរូប ហើយក៏បានធ្វើដំណើរទៅភូមាបានម្តងកាលពីខែមិថុនា តែគ្មានបានលទ្ធផលអ្វីឡើយ ព្រោះពុំបានជួបភាគីដទៃទៀតក្រៅពីក្រុមរបស់របបយោធា។ សរុបមក លោក មីង អោងឡាំង ដែលបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ អត់បានបន្ទន់ឥរិយាបទជាមួយនរណាឡើយ ជាពិសេសលើការចាប់ខ្លួននិងឃុំខ្លួនលោកស្រី Aung San Suu Kyi និងមេដឹកនាំដទៃទៀត បើទោះបីជាអន្តរជាតិនិងអាស៊ានអំពាវនាវនិងមានបំណងជួយសម្របសម្រួលយ៉ាងណាក្តី។ ដោយសារមូលហេតុនេះហើយទើបអាស៊ាន៩ទៀតមិនអញ្ជើញមេដឹកនាំរូបនេះ។ មានមិត្តអ្នកអានខ្លះបានសួរខ្ញុំថា ចុះនរណាទៅដែលគេសំដៅទៅលើឥស្សរជនមិនមែនជាអ្នកនយោបាយ? ចម្លើយ គឺអាចជាអគ្គលេខាធិការ ឬភាសាអង់គ្លេសហៅថា “permanent secretary”។ ប្រទេសថៃធ្លាប់បញ្ជូនអគ្គលេខាធិការរបស់ខ្លួនឱ្យមកចូលរួមប្រជុំជំនួសមេដឹកនាំរបស់ខ្លួនម្តងដែរ ព្រោះកាលណោះគេក៏មិនសប្បាយចិត្តទទួលលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃដែលបានអំណាចតាមរយៈរដ្ឋប្រហារយោធាដូច មីង អោងឡាំង ដែរ។ តែចំណុចគួរកត់សម្គាល់មួយ លោកប្រាយុទ្ធ ចេះបន្ទន់ឥរិយាបថមិនរឹងត្អឹងខ្លាំងជាមួយក្រុមប្រឆាំងនឹងលោកដូច មីង អោងឡាំង ទេ។
ចំណាប់អារម្មណ៍របស់សម្តេច ហ៊ុន សែន ស្តីពីភូមាត្រូវបានបែកធ្លាយ៖
ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទីមួយចប់ភ្លាម (ថ្ងៃទី២៦ ខែតុលា) រូបភាពនិងសម្លេងទាំងស្រុងរបស់សម្តេច ហ៊ុន សែន ដែលថ្លែងពីភូមាត្រូវបានបែកធ្លាយដោយអ្នកសារព័ត៌មានវៀតណាមមួយរូបដែលកំពុងបម្រើការឱ្យទូរទស្សន៍សឹង្ហបុរី Channel NewsAsia ដោយអ្នកសារព័ត៌មានរូបនោះបង្ហោះលើធ្វីតធឺរបស់ខ្លួន ហើយបានធ្វើឱ្យកក្រើកពេញបណ្តាញសារព័ត៌មានធំៗរបស់ពិភពលោកដកស្រង់បន្តយកទៅផ្សាយ។ ហេតុអ្វីបានជាគេចាប់អារម្មណ៍ខ្លាំងម្លេះ? ពិតណាស់ក្នុងចំណោមមេដឹកនាំទាំង៩រូបរបស់អាស៊ាន សម្តេច ហ៊ុន សែន បានប្រើពាក្យពេចន៍ត្រង់ៗនិងចំៗលើបញ្ហាភូមា ចំណែកឯមេដឹកនាំដទៃទៀតនិយាយដែរតែលំៗ។ ខ្ញុំសូមដកស្រង់នូវចំណុចខ្លះៗដែលមិនមែនជាសម្រង់សំដីដើមទេ តែក្នុងអន្ថន័យដូច្នេះ៖ “រហូតមកទល់ពេលនេះ គ្មានការវិវត្តអ្វីឡើយ គឺខ្វះការសហការពីរដ្ឋបាលយោធារបស់មីយ៉ានម៉ា។ អាស៊ានមិនបានដេញមីយ៉ានម៉ាចេញពីក្របខ័ណ្ឌអាស៊ានទេ។ មីយ៉ានម៉ាខ្លួនឯងទេដែលជាអ្នកបោះបង់សិទ្ធិរបស់ខ្លួន ធ្វើពហិការមិនចូលរួមប្រជុំ ទោះបីជាយើងបានព្យាយាមឲ្យមានការចូលរួមពីឥស្សរជនមិនមែនជាអ្នកនយោបាយក៏ដោយ។ ហើយប្រសិនបើស្ថានភាពនេះនៅតែបន្ត ខ្ញុំគិតថា នៅឯកិច្ចប្រជុំកំពូលអាស៊ីអឺរុបខាងមុខនេះ ទុកឲ្យមីយ៉ានម៉ាអវត្តមានបន្តទៅទៀតចុះ ព្រោះថាបើសិនជាមេដឹកនាំកំពូលរបស់មីយ៉ានម៉ាមានវត្តមាននៅឯកិច្ចប្រជុំនោះ មុខជាមេដឹកនាំមកពីអឺរ៉ុបអាចនឹងមិនចូលរួមប្រជុំដែរ ដូច្នេះមិនមែនកម្ពុជា ឬសមាជិក៩ទៀតរបស់អាស៊ាននោះទេប៉ុន្តែមីយ៉ានម៉ាខ្លួនឯងទេដែលបានបដិសេធសិទ្ធិមិនចូលរួម។ នេះជាការគួរឲ្យសោកស្ដាយ។ ខ្ញុំពុំដឹងថានៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ ថាតើមីយ៉ានម៉ានឹងបន្តធ្វើបែបនេះតទៅទៀតឬយ៉ាងណា? ឥឡូវនេះយើងស្ថិតនៅក្នុងស្ថានភាពមួយដែលអាចនិយាយបានថា អាស៊ានដកមួយ”។
លោក ពុយ គា បានលើកឡើងថា, ខ្ញុំសូមមិនទាន់បញ្ចេញសេចក្តីសន្និដ្ឋាន ឬការយល់ឃើញរបស់ខ្ញុំអំពីមូលហេតុអ្វីបានជាគេធ្វើឲ្យបែកធ្លាយនូវរូបភាពនិងសារសំឡេងដើមរបស់សម្ដេច ហ៊ុន សែន នៅពេលនោះទេ គឺខ្ញុំទុកបន្ថែមនៅក្នុងសៀវភៅថ្មីរបស់ខ្ញុំដែលមានចំណងជើងថា “អាឋ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាននិងពិភពលោក” ដែលនឹងបោះពុម្ពចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ។
ហើយទាក់ទងទៅនឹងសំណួរសួរថា “នរណាជាបេសកជនពិសេសទៅកាន់ភូមានៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ” ខ្ញុំក៏នឹងបង្ហាញនៅពេលក្រោយ។ សូមបញ្ជាក់ជូនថា លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រទេសព្រុយណេ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់អាស៊ានទៅកាន់ភូមានៅពេលដែលព្រុយណេធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២១នេះ។
សម្តេច ហ៊ុន សែន រំលឹកអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុន៖
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន សម្ដេច ហ៊ុន សែន បានឆ្លៀតរំលឹកឈ្មោះ នាយករដ្ឋមន្ត្រីថ្មីជប៉ុនដែលមានអនុស្សាវរីយ៍ផ្ទាល់ជាមួយកាលពីជិត១០ឆ្នាំមុន ជាការអត្ថាធិប្បាយបន្ថែមលើសុន្ទរកថាដែលបានព្រាងទុក ជាស្ទីលមួយដែលលោកតែងប្រើដើម្បីទាក់ទាញអ្នកស្តាប់ជាជាងអានទាំងស្រុងលើក្រដាស ដែលមហាជនមិនសូវចូលចិត្តស្តាប់។ តាមទម្លាប់កិច្ចប្រជុំបែបនេះ ប្រធានបទគួរតែពាក់ព័ន្ធទៅនឹងអាស៊ាននិងជប៉ុន ប៉ុន្តែជាក់ស្ដែងក៏ពុំមានបញ្ញតិ្តិណាមួយចែងឬចងថាមិនឱ្យនិយាយអ្វីផ្សេងបាននោះដែរ។ ខ្ញុំយល់ថា ការរំលឹកអនុស្សាវរីយ៍ជាមួយដៃគូរសន្ទនា ជាការទាក់ទាញដ៏ធំមួយនិងមានប្រសិទ្ធភាពនៅក្នុងវិស័យការទូតនិងនយោបាយ។ ជប៉ុនជាមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី ហើយក៏ជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយអាមេរិក។ ការដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយជប៉ុន វាក៏ជាបច្ច័យនៃការបង្ហាញនយោបាយការបរទេសចម្រុះព័ណ៌របស់កម្ពុជា ដែលអាចជួយបញ្ចៀសពីការសម្លឹងឃើញតែពីជ្រុងអវិជ្ជមានថាកម្ពុជានៅតែជាមួយចិន។
តើសម្តេច ហ៊ុន សែន និយាយអ្វីទៅកាន់នាយករដ្ឋមន្រ្តីថ្មីជប៉ុន?
លោកបានរំលឹកពីវត្តមានរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ដែលពេលនោះលោកនៅត្រឹមជារដ្ឋមន្រ្តីការបរទេសជប៉ុននៅឡើយ ហើយដែលបានមកកម្ពុជានៅឆ្នាំ២០១៤ ដើម្បីចូលរួមបើកសម្ពោធផ្សារអីុអនទីមួយ (Aeon 1) នៅក្បែរកោះពេជ្រ។ សម្ដេចក៏ថ្លែងដោយសង្ឃឹមថា លោក Kishida នឹងវិលត្រឡប់មកកម្ពុជាម្តងទៀតនៅឆ្នាំ២០២២ខាងមុខ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន ហើយពេលនោះផ្សារអីុអនទី៣ ក៏គ្រោងនឹងបើកផងដែរ។ តាមព័ត៌មានក្រៅផ្លូវការ ផ្សារអីុអនទី៣នៅផ្លូវ៦០ម៉ែត្រ គ្រោងនឹងបើកនៅខែវិច្ឆិការ ឆ្នាំ២០២២។ ទោះជាជួបវិបតិ្តជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ផ្សារអីុអនដែលមានម្ចាស់ជាជនជាតិជប៉ុន នៅតែស៊ូទ្រាំបន្តសាងសង់ផ្សារដ៏ទំនើបនេះដោយគ្មានដកថយឡើយ។ ផ្សារអីុអនទី២ បានបើកនៅឆ្នាំ២០១៨ ហើយបើសិនស្ថានភាពសេដ្ឋកិច្ចខ្មែរយើងល្អ សង្ឃឹមថាផ្សារអីុអនទី៤អាចនឹងបើកមួយទៀតនៅឆ្នាំ២០២៦ (បួនឆ្នាំបើកមួយ)។
កម្ពុជាកាន់ញញូរអាស៊ានបានបីដង៖
នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ារយៈពេល៣ថ្ងៃ (នៅល្ងាចថ្ងៃទី២៨ ខែតុលា) កម្ពុជាបានទទួលញញួរជាផ្លូវការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ បន្តពីប្រទេសព្រុយណេ។ ទាក់ទងនឹងញញួរនេះ សម្តេច ហ៊ុន សែន បានថ្លែងថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន”។ កម្ពុជា ជាប្រទេសកូនពៅគេដែលចូលជាសមាជិកអាស៊ានក្រោយគេបង្អស់នៅឆ្នាំ១៩៩៩
ហើយក្រោយនោះបួនឆ្នាំ កម្ពុជាក៏បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទីមួយនៅឆ្នាំ២០០២។ នៅឆ្នាំ២០១២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ានម្ដងទៀត ហើយនៅឆ្នាំ២០២២ នេះ គឺជាលើកទី៣ហើយសម្រាប់កម្ពុជា។ ឥស្សរជនកម្ពុជាមួយរូបក៏នឹងក្លាយជាអគ្គលេខាធិការអាស៊ានចាប់ពីឆ្នាំ២០២៣ ខាងមុខនេះដែរសម្រាប់មួយអណត្តិមានរយៈពេល៥ឆ្នាំ។
នៅមានឈុតឆាកច្រើនវគ្គទៀត ប៉ុន្តែខ្ញុំសុំស្លេះប៉ុណ្ណេះសិនដើម្បីទុកបញ្ចូលនៅក្នុងសៀវភៅថ្មីរបស់ខ្ញុំដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះដែលមានចំណងជើង “អាឋ៌កំបាំងក្រៅឆាក ឬក្រោយវាំងននរបស់មេដឹកនាំអាស៊ាននិងពិភពលោក” ៕