ខេត្តកោះកុង : យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃចន្ទទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា ឣភិបាលរង នៃគណៈឣភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី (KoBo Tool Box) និងបច្ចុប្បន្នភាពប្រព័ន្ធPRISM”។
ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអង្កេតតាមដាន និងផ្តល់ព័ត៌មានស្តីពីហានិភ័យ និងគ្រោះមហន្តរាយនានា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ PRISM ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅ ២៥រាជធានី/ខេត្ត ចាប់ពីឆ្នាំ២០២១ នេះទៅ។
ប្រព័ន្ធនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ប្រព័ន្ធPRISM ដំបូងបង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់ក្រសួងពាក់ព័ន្ធនានា ដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិកាដែលផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីគ្រោះមហន្តរាយទាន់ពេលវេលាជំនួយ ដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតបនានា។
តួនាទី និងលក្ខណៈពិសេសរបស់ប្រព័ន្ធ PRISM មានដូចជា ៖
• មន្ត្រីបង្គោលថ្នាក់ក្រោមជាតិ ជាអ្នកបញ្ចូលទិន្នន័យ និងពិនិត្យមុនពេលបញ្ជូនមកថ្នាក់ជាតិ
• ការបង្កើត និងចងក្រងជារបាយការណ៍ស្តីពីផលប៉ះពាល់ដោយស្វ័យប្រវត្តិ និងរក្សាទុក ជាប្រវត្តិទិន្នន័យ ឬប្រវត្តិព្រឹត្តិការណ៍នានាដែលបានកើតឡើងនាពេលកន្លងមក
• មានភាពងាយស្រួលក្នុងការទាញយកទិន្នន័យមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង សម្រាប់ធ្វើផែនការត្រៀមបង្ការ និងឆ្លើយតបនានា៕
ដោយ, សិលា