ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ04នាក់ ពាក់ព័ន្ធអំពើលួច(ម៉ូតូ) បញ្ជូនទៅតុលាការចំនួន03នាក់ និងម្នាក់ទៀត បញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័ក នៅថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2021។
លោកវរសេនីយ៍ត្រី នួន នីណរ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យទី1 ឈ្មោះ កិន ភ័ក្ត្រ ភេទប្រុស អាយុ 19ឆ្នាំ
2.អឿន បូ ភេទប្រុស អាយុ 16ឆ្នាំ
3.ឈ្មោះ នាង វិបុល ហៅឡុង ភេទប្រុស អាយុ41ឆ្នាំ។
ទាំង3នាក់ខាងលើ រស់នៅក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
និងទី4.ឈ្មោះ ទុយ សុភាព ភេទប្រុស អាយុ30ឆ្នាំ រស់នៅឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក នួន នីណរ៉ូបញ្ជាក់ថា តាមពាក្យបណ្តឹងជនរងគ្រោះ និងភ័ស្តុតាងតាមវីដេអូកាម៉េរ៉ាសុវត្ថិភាព កម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ខាងលើតែម្តង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា នៅយប់រំលងអាធ្រាត្រថ្ងៃទី29 ខែតុលា ឆ្នាំ2021 ដោយម្ចាស់ទុកចោលមុខបន្ទប់ជួលរួចចូលទៅដេក ពួកគេបានធ្វើសកម្មភាពលួចកាច់សោយកម៉ូតូ នៅផ្ទះជួលមួយកន្លែងនៅក្នុងភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតពិតប្រាកដមែន។
លោមេបញ្ជាការបញ្ជាក់បន្ថែមថា បន្ទាប់ពីពួកគេលួចម៉ូតូបានរួចមក ក្រុមជនសង្ស័យក៏បានយកទៅបញ្ចាំឲ្យឈ្មោះ ហេង ប៉ុន្តែ ជនទទួលផលចោរកម្មខាងលើដឹងខ្លួនមុនបានរត់គេចបាត់ស្រមោល បន្សល់វត្ថុតាងតែម៉ូតូ យកឲ្យម្ចាស់ដើមវិញ។
ចំពោះជនសង្ស័យទាំង04នាក់វិញ ត្រូវបានជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូន03នាក់ទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ រីឯម្នាក់ទៀតមានវិជ្ជមានកូវីដ-19 ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលខ្លាកូនក្រុងសិរីសោភ័ណ រង់ចាំជាសះស្បើយ ដើម្បីចាត់ការតាមច្បាប់បន្ត៕ ដោយ វណ្ណា