ការិយាល័យប្រជាពលរដ្ឋខណ្ឌព្រែកព្នៅ និងច្រកចេញចូលតែមួយ បើកយុទ្ធនាការចុះផ្សព្វផ្សាយតម្លៃសេវាដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យច្រកចេញចូលតែមួយខណ្ឌព្រែកព្នៅ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរយះការចុះចែកខិតប័ណ្ណតារាងតម្លៃសេវាដោយផ្ទាល់នៅតាមមូលដ្ឋានតំបន់ទីប្រជុំជន និងទីផ្សារ ក្នុងសង្កាត់២គឺសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង នៃខណ្ឌព្រែកព្នៅ នូវយន្តការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ ការដោះស្រាយបណ្តឹង និងការដាក់ពាក្យចូលការិយាល័យប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ២០២១នេះ ដែលដឹកនាំដោយ លោកប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌព្រែកព្នៅ លោកឈាន សុវិទ្យា ប្រធានច្រកចេញចូលតែមួយ និងមន្ត្រីការិយាល័យច្រកជាច្រើននាក់ទៀតផងដែរ។
ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមរយៈការចុះចែកខិតប័ណ្ណតារាងតម្លៃសេវា នាតំបន់ទីប្រជុំជន និងទីផ្សារក្នុងខណ្ឌព្រែកព្នៅនេះ លោកឈាន សុវិទ្យា ប្រធានច្រកចេញចូលតែមួយ បានប្រាប់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនប្រជាពលរដ្ឋចង់ធ្វើអ្វីមួយ សូមមកទទួលសេវាកម្មរដ្ឋបាលច្រកចេញចូលតែមួយរបស់សាលាខណ្ឌព្រែកព្នៅ ដែលចែកចេញជា២ផ្នែក គឺផ្នែកជួរមុខមានភារកិច្ចទទួល ប្រគល់ឯកសារ និងផ្តល់ពត៍មាននានាពីសេវារដ្ឋបាល និងទទួលការបង់កម្រៃសេវា។ ផ្នែកក្រោយទទួលការងារជំនាញបច្ចេកទេសតាមវិស័យនីមួយៗដែលក្រសួងបានធ្វើប្រតិភូកម្ម។
លោកបន្តថា ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ធានានូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព សមធម៍ និរន្តរភាព។ ហើយព័ត៍មានលម្អិតអំពីតំលៃសេវាកម្ម នឹងមានដាក់បង្ហាញជាសាធារណៈនៅនឹងជញ្ជាំងការិយាល័យច្រកចេញចូលតែមួយ និងក្នុងខិតប័ណ្ឌផ្សព្វផ្សាយនាពេលនេះ។
ចំណែកលោកប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋបានលើកឡើងផងដែរថា ប្រជាពលរដ្ឋអាចសម្តែងការមិនពេញចិត្ត ប្តឹងតវ៉ា ឫផ្តល់មតិយោបល់ ពាក់ព័ន្ធនឹងការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ដោយផ្ទាល់មាត់ ឫតាមទួរស័ព្ទដែលមាននៅក្នុងខិតប័ណ្ឌ ឫទៅដាក់ពាក្របណ្តឹងតាមប្រអប់សំបុត្រ នៅការិយាល័យប្រជាពលរដ្ឋនៅតាមសង្កាត់ និងនៅសាលាខណ្ឌព្រែកព្នៅផងដែរ បើមានមន្ត្រីច្រកណាមួយទាមទារ ឫឲ្យបង់លើសតម្លៃសេវាដែលបានកំណត់នោះ។
លោកបន្តថា ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រិត មានភារកិច្ចទទួលពាក្យបណ្តឹងតាវ៉ា និងសម្រុះសម្រួលដោះស្រាយនូវរាល់ពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ដែលទាក់ទងដល់ការសំរេចចិត្ត អាកប្បកិរិយា អំពីភាពមិនប្រក្រតី ឫកំហុសខុសឆ្គងរបស់មន្ត្រីរាជការ បុគ្គលិក ក្នុងដែនសមត្ថកិច្ចខណ្ឌដែលបានប្រតិបត្តិមិនត្រឹមត្រូវតាមទួនាទី ភារកិច្ច និងគោលការណ៍ច្បាប់ដែលបានកំណត់។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋត្រូវបានធានា ដោះស្រាយការពារ និងផ្តល់ជូនដោយសមស្របប្រកបដោយតម្លាភាព សមភាព៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print