ភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើងបន្ទាប់ពីគូរសង្សារមួយគូបានជួលបន្ទប់មួយរស់នៅជាមួយគ្នា ស្រាប់តែមិនដឹងជាយ៉ាងម៉េចធ្វើឲ្យខាងប្រុសបែកគំនិតលួចយកម៉ូតូរបស់ខាងស្រីយកទៅបញ្ចាំ ហើយក៏ត្រូវខាងស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
ករណីឃាត់ខ្លួនបុរសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារសូរិយាម៉ល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះតៃ វ៉ាន់ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរពិតប្រាកដស្នាក់នៅផ្ទះជួលកើតហេតុ។ ចំណែកឯនារីរងគ្រោះឈ្មោះសោម សុភ័ក្រ អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ហើយម៉ូតូដែលខាងប្រុសយកទៅបញ្ចាំនោះម៉ាកZoomer-X ពណ៌ខ្មៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យជាសង្សានិងគ្នាបានមកជួលផ្ទះលេខ៩២E៤ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ស្នាក់នៅជាមួយគ្នាស្រាប់តែខាងប្រុសបែកគំនិតបានយកម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំក៏ត្រូវខាងស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យរូបនោះតែម្តង។
ប្រភពដដែរបានបន្តទៀតថា ម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះត្រូវបានប្អូនប្រុសរបស់ជនសង្ស័យឈ្មោះតែ បញ្ញា អាយុ២៥ឆ្នាំបានទៅលោះយកមកឲ្យកម្លាំងសមត្ថកិច្ច រួចសមត្ថកិច្ចបានប្រគល់ទៅឲ្យជនរងគ្រោះវិញហើយ។ ចំណែកជនសង្ស័យកំពុងកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ៖ ស ដារ៉ា
...