សម្តេចក្រឡាហោមស ខេង :គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា នៅទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញាចំនួន២៣លើក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍គឺមានការកើនឡើងច្រើនជាងខែកញ្ញា ដែលបញ្ហានេះយើងបានពិនិត្យឃើញថាដោយសារមានកំណើនច្រើនការធ្វើចរាចរណ៍ឡើងវិញបន្ទាប់ពីស្ថានភាពជម្ងឺកូវីដ-១៩បានធូរស្រាល ។

ប្រការគួរឱ្យសោកស្ដាយបំផុតនោះគឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញាចំនួន២៣លើក ស្មើនឹង១០ភាគរយ ។ ចំនួនអ្នករងរបួសមានចំនួន៣៤០នាក់ កើន ឡើងជាងខែកញ្ញាចំនួន៦៦នាក់ ស្មើនឹង២៤ភាគរយ និងចំនួនអ្នក ស្លាប់ មានដល់ទៅ១៤០នាក់គឺកើនឡើងជាងខែកញ្ញាចំនួន២១ នាក់ស្មើនឹង១៨ភាគរយ ។

តាមការសន្និដ្ឋានរបស់ផ្នែកជំនាញប្រតិបត្តិជាក់ស្តែងបានកត់សម្គាល់ថាកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នករងរបួសនិងអ្នកស្លាប់នាខែតុលានេះគឺដោយសារកំណើនសន្ទុះធ្វើចរាចរឡើងវិញបន្ទាប់ពីសភាពធូស្រាលនៃជម្ងឺកូវីដ-១៩ ហើយ មូលហេតុកំណើនគ្រោះថ្នាក់ ស្លាប់ និងរបួសនេះ គឺបណ្តាលមកពីការបើកបរលឿនមានចំនួន ៣៨ភាគរយ ការមិនគោរពសិទ្ធ មានចំនួន២៧ភាគរយ ការមិនប្រកាន់ស្តាំមានចនួន១៦ភាគរយ ជាមួយការបត់ ការជែង និងការ បើកបរក្នុងស្ថានភាពស្រវឹង ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ទៀតថាទោះជាយ៉ាងណាក៏ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ឆ្នាំ២០២១នេះ បើប្រៀបធៀប ទៅនឹងខែតុលា ឆ្នាំ២០២០ គឺមានការថយចុះតិចតួចប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើងទៅ វិញ ។អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ២លើកស្មើនឹង១ភាគ រយ អត្រាអ្នករងរបួសថយចុះ៤ នាក់ស្មើនឹង១ភាគរយ ប៉ុន្តែអត្រាអ្នកស្លាប់បានកើន២៩នាក់ស្មើនឹង២៦ភាគរយ ។

ឆ្លៀតក្នុងឱកាសនេះសម្តេចក្រឡាហោមស ខេង សូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។

យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print