ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល តែងតែយកចិត្តទុកដាក់ជាប្រចាំ ពីបញ្ហា សន្តិសុខ អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង ព្រោះមូលដ្ឋានខណ្ឌដូនពេញជាបេះដូងនៃទីក្រុងភ្នំពេញ។
ជាក់ស្ដែង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការណែនាំ ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះឃាត់ម៉ូតូកែច្នៃ ឫរ៉ឺម៉កចំនួនជាង ៧០គ្រឿង ដែលដឹកសម្ភារៈសំពីងសំពោង ក្នុងមូលដ្ឋានខណ្ឌ យកមកធ្វើការណែនាំអប់រំជាលើកដំបូង ដោយយោងទៅលើការរក្សាសោភណភាពទីក្រុង ប៉ុន្ដែបើបុគ្គលដដែលបានធ្វើកិច្ចសន្យាអប់រំណែនាំហើយ នៅតែដឹកឆ្លងកាត់មូលដ្ឋានខណ្ឌដូនពេញបន្ដទៀត នឹងចាត់វិធានការផាកពិន័យតាមនីតិវិធីផងដែរ។
លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា តាមប្រសាសន៍របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ គឺប្រតិបត្តិការនេះធ្វើឡើងដើម្បីថែរក្សា សន្តិសុខ អនាម័យ សណ្ដាប់ធ្នាប់ សាធារណៈ ដោយមូលដ្ឋានខណ្ឌដូនពេញ ជាបេះដូងនៃទីក្រុងភ្នំពេញ និងមានភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិជាច្រើន មកទស្សនា។
លោកបានបន្តទៀតថា ពាក់ព័ន្ធប្រតិបត្តិការឃាត់ម៉ូតូកែឆ្នៃ ឬរឺម៉កនេះ គឺមិនមែនហាមឃាត់មិនឲ្យបងប្អូនប្រកបអាជីវកម្មនោះទេ គ្រាន់តែសំណូមដល់បងប្អូនចូលរួម អនុវត្ត និងឲ្យប្ដូរពីម៉ូតូកែឆ្នៃ មកជារថយន្តប្រភេទ ១តោន ឬ ១តោនកន្លះវិញដឹកជញ្ជូន ដើម្បីចូលរួមរក្សាសោភណ្ឌភាពទីក្រុង និងកាត់បន្ថយការកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បន្ថែមទៀតនោះលោក បានបញ្ជាក់ថា ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកដែកវែងៗ ខុសបច្ចេកទេស គឺហានីភ័យខ្ពស់ ដូចជាពេលឡើងស្ពាន ឬចុះពីស្ពានជាដើម អាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋទូរទៅផងដែរ។
ចុងក្រោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌពេញ ថាដោយសារបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ កំពុងឈ្ពោះទៅកាន់ការពង្រឹងផ្នែកសោភ័ណ្ឌភាព អនាម័យ និងទីក្រុងស្អាត ក៏ដូចជាភូមិសាស្ត្រក្នុងខណ្ឌដូនពេញ អាចនិយាយបានថាជាបេះដូងទីក្រុង ដែលស្ថិតនៅទីតាំងដែលមានភ្ញៀវអន្តរជាតិចេញចូលច្រើនដូចគ្នា ដូច្នេះការណែនាំនេះសង្ឃឹមថាពលរដ្ឋនឹងបានយល់។ ផ្ទុយទៅវិញ បើសិនជាប្រជាពលរដ្ឋទាំងនោះ គ្មានលទ្ធភាពក្នុងការទិញ ឬប្រើប្រាសរថយន្តជំនួសនោះទេ គាត់អាចប្រកបរបររកស៊ីបែបនេះ នៅឯជាយទីក្រុងវិញបាន ព្រោះនៅជាយក្រុងក៏មានមនុស្សរស់នៅច្រើនដូចគ្នា គឺមិនមានការបិទសិទ្ធឬផ្តាច់អហង្ការនោះទេ៕
ដោយ៖ រ៉ារ៉ា