កម្លាំងប៉ូលិសនៅទីក្រុង Los Angeles ដល់ទៅ២៥% ក្នុងចំណោមប៉ូលិស១៦.០០០នាក់ អាចត្រូវបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាថ្ងៃទី២ខែវិច្ឆិកា ស្នងការប៉ូលិសទីក្រុង Los Angeles លោក Alex Villanueva បានបញ្ជាក់ថា មកទល់ពេលនេះទើបតែមានកម្លាំងប៉ូលិសតែ៥២%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងរួចរាល់។ ចំនួនប៉ូលិសចាក់វ៉ាក់សាំងបានកើនឡើង ក្រោយចេញច្បាប់បង្ខំឱ្យបុគ្គលិកក្រុមសន្តិសុខ ប៉ូលិសត្រូវតែចាក់វ៉ាក់សាំង ហើយបើមិនចាក់វ៉ាក់សាំងនោះនឹងត្រូវបាត់បង់ការងារធ្វើ។
កាលពីខែសីហាកន្លងមក គណៈកម្មាធិការទីក្រុង Los Angeles បានបញ្ជាក់ថា កម្លំាងប៉ូលិសទាំងអស់គឺត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ។ ពលរដ្ឋ និងកម្លាំងសន្តិសុខដែលមិនទាន់ចាក់វ៉ាក់សាំងគឺត្រូវប្រឈមនឹងការឆ្លងកូវីដ ជារៀងរាល់ថ្ងៃ។
ការចេញច្បាប់បង្ខំឱ្យកម្លាំងប៉ូលិសត្រូវតែចាក់វ៉ាក់សាំងោះបានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ បើទោះបីមានកម្លាំងសន្តិសុខជាច្រើនស្លាប់ដោយសារកូវីដ-១៩មកហើយក្តី ។ គិតត្រឹមដើមឆ្នាំមកទល់ពេលនេះមានកម្លាំងប៉ូលិស២៥៨នាក់ស្លាប់ដោយសារកូវីដ-១៩ ៕ ដោយសាធី
រូបថត៖AFP/TTXVN