កិច្ចប្រជុំពិនិត្យពិភាក្សា លើបទបង្ហាញស្ដីពី ការគ្រប់គ្រងលំហូរឯកសារនានារបស់អង្គនាយកដ្ឋានអន្តោប្រវេសន៍ តាមប្រពន្ធអេឡិចត្រូនិច

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី០៣​ ខែវិច្ឆិកា​ម្សិលមិញនេះ​ បានអញ្ចើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា លើបទបង្ហាញស្ដីពី ការគ្រប់គ្រងលំហូរឯកសារនានារបស់អង្គនាយកដ្ឋានអន្តោប្រវេសន៍ តាមប្រព័ន្ធអេឡិចត្រូនិច ( E document ) ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយឯកឧត្តម អស់លោក ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងអ្នកបច្ចេកទេស ជាច្រើនរូបទៀត ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានមានប្រសាសន៍ថ្លែងសរសើរ ក្រុមបច្ចេកទេសដែលបានរៀបចំ ប្រព័ន្ធបច្ចេកទេសដើម្បីគ្រប់គ្រងឯកសារកិច្ចការរដ្ឋបាល ដែលប្រព័ន្ធបច្ចេកទេសនេះនឹងធ្វើអោយមានភាពងាយស្រួល ក្នុងការលំហូរឯកសារនិង កិច្ចការផ្នែករដ្ឋបាល និងមានភាពងាយស្រួលក្នុងការថែរក្សាឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក៏បានសំណូមពរឲ្យ អ្នកបច្ចេកទេសទាំងអស់ ថាត្រូវធ្វើយ៉ាងណា ឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាការរក្សាទុក និងការពារឯកសារ កុំឲ្យបាត់បង់ឬ ខូចខាត ជាយថាហេតុណាមួយក្នុងប្រព័ន្ធអេឡិចត្រនិចនេះ ។

លោកអគ្គនាយក​ ក៏បានបន្តថា ដើម្បីឲ្យការប្រើប្រាស់ប្រព័ន្ធនេះបានល្អ អ្នកបច្ចេកទេស ក៏ត្រូវត្រៀមមេរៀនបង្រៀនដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងការប្រើប្រាស់ឲ្យមានភាពងាយស្រួល ល្អប្រសើរនិងមិនមានការខុសឆ្គង។

បន្ថែមពីនេះ​ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់ដែរថា មន្រ្តីជំនាញរដ្ឋបាលនិងអ្នកបច្ចេកទេសត្រូវចាប់ផ្តើមធ្វើកិច្ចការនេះជាមួយគ្នាថែមទៀតដើម្បីឲ្យប្រព័ន្ធនេះបានដំណើរការដោយត្រឹមត្រូវ ហើយសង្ឃឹមថាប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ទាល់នេះ នឹងអាចដំណើរការបាន ក្នុងពេលឆាប់ៗខាងមុខនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print