ខេត្តសៀមរាប÷ ក្រោយឃើញរូបភាពរបស់ប្អូនប្រុសកម្សត់ម្នាក់ឈ្មោះ គង់ សីហា អាយុ៧ឆ្នាំដែលមកសិក្សានៅសាលាបឋមសិក្សាជ័យ ក្នុងខេត្តសៀមរាបស្លៀកសម្លៀកបំពាក់ចាស់ យកបណ្ណចាក់វ៉ាក់សាំងកូវីដ-19 ច្រកក្នុងថង់ប្លាស្ទីកព្យួរនិងឡេវអាវ ហើយសូម្បីតែរកស្បែកជើងពាក់ មកសាលារៀនខុសពីសិស្សដទៃទៀតដែលគេមានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈសិក្សាគ្រប់គ្រាន់គ្មាន ទើបព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គឺជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរពីរាជបណ្ឌិតសភាកម្ពុជា និងជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាមានការអាណិតអាសូរពន់ប្រមាណក៏និមន្តដល់លំនៅដ្ឋានប្អូនប្រុស។
ព្រះអង្គបាននិមន្តមកដល់ផ្ទះកុមារាកម្សត់ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបក្នុងនាមក្រុមការងារ អង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា ដោយបាននាំយកសិក្ខូបករណ៍មានកង់ កាបូប សម្លៀកបំពាក់ សម្ភារៈផ្គត់ផ្គង់គ្រួសារ ព្រមទាំងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សជិត៣០០ នាក់ផងដែរ។
នៅពេលនោះ ព្រះអង្គព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានជួបផ្ទាល់ជាមួយប្អូនប្រុស និងក្រុមគ្រួសារ ព្រះអង្គបានមានព្រះទ័យ អាណិតអាសូរជាពន់ពេក និងមានថិរដីកាផ្ដាំផ្ញើ អប់រំណែនាំ ទាំងប្អូនប្រុស និងឪពុកម្ដាយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំបោះបង់ តស៊ូក្រេបចំណេះវិជ្ជា ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គមជាតិ។ សកម្មភាពរបស់ប្អូនប្រុសពេលនេះពិតជាមានអត្ថន័យចាក់ដោតអង្រួនអារម្មណ៍មហាជនគ្រប់ៗគ្នា។
ប្អូនប្រុស គង់ សីហា ទើបតែបានចូលរៀនថ្នាក់ទី១ ដំបូងក្នុងជីវិតនៅសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន។ តែដល់ពេលនេះប្អូនដល់អាយុចូលសាលាបើកទទួលឱ្យចូលរៀន ទើបពុកម្តាយយកកូនមកផ្ញើជាមួយម្តាយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើលថែ និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។
នេះជាជីវិតដ៏កម្សត់របស់គ្រួសារក្រីក្រមួយរស់នៅក្នុងជនបទ តែពេលនេះគ្រួសារនេះអាចមានរស្មីឡើងវិញ បន្ទាប់មហាជនក៏ដូចជាសប្បុរសជនមិនអាចបិទភ្នែកមើលទុក្ខលំបាកបែបនេះតទៅទៀត ជាពិសេសសម្តេចតេជោ និងសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកា និងសម្ភារ: ស្បៀងអាហារ និងលំនៅដ្ឋានយ៉ាងសមរម្យជាបន្តបន្ទាប់នោះ៕