រដ្ឋាភិបាលហ្វីលីពីនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានមុនថ្ងៃបុណ្យណូអែល រយៈពេល៣ថ្ងៃ ដើម្បីឱ្យពលរដ្ឋបានឈប់សម្រាកសប្បាយនៅថ្ងៃបុណ្យ ណូអែល និងបុណ្យចូលឆ្នាំសកល។ លោក Carlito Galvez ប្រធានយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ហ្វីលីពីនបានបញ្ជាក់ថា គោលដៅដែលបានដាក់ចេញគឺត្រូវតែសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៥លាននាក់ក្នុងរយៈពេល៣ថ្ងៃ។ ចាប់ពីពេលនេះទៅ បុគ្គលិកសុខាភិបាលទាំងអស់នឹងត្រូវផ្តោតទៅលើសកម្មភាពចាក់វ៉ាក់សំាងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលហ្វីលីពីន ក៏បានកំណត់គោលដៅពីពេលនេះដល់ចុងខែ នឹងសម្រេចបានការចាក់វ៉ាក់សាំងបន្ថែម២០លានដូសទៀតជូនពលរដ្ឋ។ ដើម្បីបានសម្រេចគោលដៅនោះគឺត្រូវតែចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសក្នុងមួយថ្ងៃ។ រដ្ឋាភិបាលហ្វីលីពីនបានកំណត់ចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន៧០% នៅចុងឆ្នាំនេះ។ មកទល់ពេលនេះហ្វីលីពីន សម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋ២៧,៧លាននាក់គ្រប់ចំនួន២ដូស និង ៣២,៧លាននាក់បានចំនួនមួយដូស។ ហ្វីលីពីនក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារ មានអាយុចាប់ពី ១២-១៧ឆ្នាំផងដែរ។ នៅក្នុងខែវិច្ឆិកា ប្រទេសតំបន់អាស៊ានមួយនេះក៏បានចាប់ផ្តើមចាក់ដូសទីបី ជូនពលរដ្ឋផងដែរ៕ ដោយសាធី
ប្រភពរូប៖Rappler.