ប្រទេសរុស្សុី៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា រុស្ស៊ីបានបង្កើតប្រព័ន្ធសព្វាវុធដែលមិនមានគូប្រជែងនៅលើពិភពលោកឡើយ។ នេះគឺជាជោគជ័យដ៏ធំធេងក្នុងវិស័យបច្ចេកវិទ្យាសព្វាវុធរបស់រុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារនិងវាយលុកទៅលើគោលដៅរបស់សត្រូវ ។ ប្រធានាធិបតីពូទីនបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីវិស័យការពារជាតិថា ឃ្លាំងអាវុធដ៏ទំនើបផលិតដោយប្រទេសរុស្ស៊ី នឹងធានាដល់សន្តិសុខខ្ពស់សម្រាប់ទាហានរុស្ស៊ី និងដែនអធិបតេយ្យរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «នៅថ្ងៃនេះ យើងនឹងពិភាក្សាស្តីពី ទំនើបភាវូបនីយកម្មនៃកម្លាំងទាហានជើងគោក ជើងទឹក ជាមួយនឹងប្រព័ន្ធសព្វាវុធទំនើបៗ មីស៊ីលល្បឿនលឿន អាវុធឡាស៊ែរ និងអាវុធជាច្រើនប្រភេទទៀត … គ្មានគូប្រៀបនៅលើលោកនេះជួយធានាដល់សន្តិសុខជាតិជាច្រើនឆ្នាំខាងមុខទៀត ឬច្រើនទសវត្សរ៍ខាងមុខ »។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា ការអភិវឌ្ឍសព្វាវុធដោយជោគជ័យ ខាងលើគឺត្រូវចំណាយពេលវេលា ការខិតខំ ស្រាវជ្រាវ និងមូលនិធិជាច្រើនទើបអាចសម្រេចបានគោលដៅដ៏សំខាន់នេះ។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីរុស្ស៊ីគឺក្រោយពេលដែលអាមេរិកប្រកាសទទួលស្គាល់ថា បានចាញ់ប្រៀបរុស្ស៊ី និងចិន ក្នុងវិស័យផលិតមីស៊ីលល្បឿនលឿន។ អាមេរិកបានដើរទៅមុនប៉ុន្តែដោយសារតែការផ្អាកបន្តដំណើរក្នុងវិស័យអាវុធល្បឿនលឿន ទើបធ្វើឲ្យអាមេរិកត្រូវនៅពីក្រោយរុស្ស៊ីនិងចិនវិញ៕ ដោយសាធី
រូបថត៖Reuters.