ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ២ទល់០ ដែលធានាថាពួកគេនឹងបញ្ចប់នៅលើកំពូលតារាងនៃពូល B ។
ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា គ្រាប់បាល់ដំបូងរបស់កីឡាករ Diogo Jota និង Sadio Mane ដែលទាំង២គ្រាប់ មានការបង្កើតឱកាសដោយ Trent Alexander-Arnold បានធ្វើឱ្យក្រុមហង្សក្រហមគ្រប់គ្រងបាល់បានល្អ ហើយគ្មានគ្រាប់តដៃសម្រាប់ក្រុមអេស្ប៉ាញទេ នៅពេលដែលកីឡាករ Felipe ត្រូវបានបណ្តេញចេញមុនពាក់កណ្តាលតង់នៅនាទីទី៣៦ ដោយសារកំហុសធ្ងន់ធ្ងរទៅលើកីឡាករក្រុម Liverpool។
ក្រុមរបស់លោក Jurgen Klopp មានឱកាសស៊ុតបាល់បញ្ចូលទីទៀតនៅតង់ទី២ ប៉ុន្តែត្រូវបានរារាំងដោយកីឡាករក្រុម Atletico Madrid និងអ្នកចាំទី។ ជាមួយគ្នានេះ Atletico Madrid រកបាន១គ្រាប់ផងដែរពីការស៊ុតបញ្ជូលទីដោយអតីតខ្សែប្រយុទ្ធហង្សក្រហម Luis Suarez ប៉ុន្តែក៏ត្រូវបានអាជ្ញាកណ្តាលពិនិត្យ VAR ហើយមិនឲ្យគ្រាប់បាល់ដែលស៊ុតចូលនោះទេ។
ក្រុម Liverpool បានកក់កៅទៅទៅកាន់វគ្គបន្តជាមួយនឹងការប្រកួតចំនួន២ប្រកួតទៀតដែលនៅសល់។ ការឈ្នះនេះបានពង្រីកការចាប់ផ្តើមមិនស្គាល់ចាញ់របស់ហង្សក្រហមក្នុងរដូវកាលនេះរហូតដល់១៦ប្រកួត។
សរុបមក Liverpool មិនធ្លាប់ភ្លក់រសជាតិចាញ់សម្រាប់២៥ប្រកួតនោះទេ ពោលគឺចាប់តាំងពីថ្ងៃទី៦ ខែមេសា នៅពេលដែលពួកគេបានចាញ់ក្រុម Real Madrid ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)