ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៥ លោកអនុប្រធាននាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីបច្ចេកទេសគម្រោង គ.ជ.គ.ម និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) ។
បើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM)” សម្រាប់ខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិមានខេត្ត ក្រុង ស្រុក អំពីរបៀបប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM) ឱ្យទាន់សភាពការណ៍គ្រោះមហន្តរាយ។ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអង្កេតតាមដាន និងផ្តល់ព័ត៌មាន ស្តីពីហានិភ័យ និងគ្រោះមហន្តរាយនានា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ PRISM ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅ ២៥រាជធានី ខេត្តចាប់ពីឆ្នាំ២០២១ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
ប្រពន្ធ័ PRISM ត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់ក្រសួងពាក់ព័ន្ធនានា ដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិការដែលផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីគ្រោះមហន្តរាយទាន់ ពេលវេលាសម្រាប់ជំនួយដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតប។
តួនាទី និងលក្ខណៈពិសេសរបស់ប្រព័ន្ធ PRISM សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិជាអ្នកបញ្ចូលទិន្នន័យ និងពិនិត្យមុនពេលបញ្ជូនមកថ្នាក់ជាតិ ការបង្កើត និងចងក្រងជារបាយការណ៍ ស្តីពីផលប៉ះពាល់ដោយស្វ័យប្រវត្តិ និងរក្សាទុកជាប្រវត្តិទិន្នន័យ ឬប្រវត្តិព្រឹត្តិការណ៍នានាដែលបានកើតឡើងនាពេលកន្លងមកឱ្យមានភាពងាយស្រួលក្នុងការទាញយកទិន្នន័យយកមកប្រើប្រាស់តាមតម្រូវការជាក់ស្តែង សម្រាប់ធ្វើផែនការត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា។
នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តមានប្រសាសន៍ តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ អាជ្ញាធរថ្នាក់ក្រោមជាតិរួមមានមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង ស្រុក ត្រូវ ខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីបន្តផ្សព្វផ្សាយអំពីព័ត៌មាន នៃការកើតឡើងនូវគ្រោះមហន្តរាយតាមរយៈធម្មជាតិក្ដី ឬសកម្មភាពរបស់មនុស្សក្ដី និងបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗបន្តទៀតកាន់តែមានប្រសិទ្ធិភាព៕
ដោយ៖សហការី