អាជ្ញាធរខេត្តឧត្ដរមានជ័យ ទទួលអំណោយពីតំណាងអង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ប្រចាំកម្ពុជា (IOM) សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ នៅរសៀល​ថ្ងៃសុក្រ ១កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នព​ បានឱ្យដឹងថា​ លោក ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ នៅព្រឹក​មិញនេះ​បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកស្រី គ្រីស្ទីន ផាកូ (Kristin Parco) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវ ម៉ាស់ម៉ាកEURO ចំនួន២.៥០០ប្រអប់ ស្មើនឹង១២៥.០០០ សន្លឹក, អាលកុលទឹក ៧៥% ម៉ាក់ Hastycol ចំនួន៧០ ប៊ីរ៉ុងស្មើនឹង២១០០ លីត្រ, ស្រោមដៃចំនួន៣០០ ប្រអប់,របាំងមុខចំនួន ៥០០របាំងមុខ និងសាប៊ូលាងដៃចំនួន៣០០ ដប សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។

ក្នុង​នាមរដ្ឋបាលខេត្ត​ លោក ឃិន ញ៉ាណ អភិបាលរងខេត្ត បានពាំនាំពាក្យសម្តីរបស់លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោកស្រី គ្រីស្ទីន ផាកូ (Kristin Parco) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ប្រចាំកម្ពុជា (IOM) ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍កម្ពុជា (IOM) ដែលបានសហការល្អជាមួយរដ្ឋបាលខេត្ត ក្នុងការឧបត្ថម្ភគាំទ្របងប្អូន ពលករចំណាកស្រុកដែលបានវិលត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ នៃខេត្តឧត្តរមានជ័យ រួមទាំង ពលករនៅក្នុងខេត្តឧត្តរមានជ័យ ក្នុងអំឡុងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ។

មិនតែប៉ុណ្ណោះ​ ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល, ការផ្តល់កន្លែងលាងដៃនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់សម្រាប់បងប្អូនពលករឆ្លងដែនពីប្រទេសថៃ, ការផ្តល់អាហារ និងសម្ភារៈអនាម័យ សម្ភារៈស្នាក់នៅពេលយប់ដល់បងប្អូនពលកររង់ចាំនៅមាត់ច្រក និង ស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងការផ្តល់សម្ភារៈអនាម័យ និងសម្ភារៈការពារជំងឺកូវីដ-១៩ ពិតជាបាន រួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់លើបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋពី សំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print