ភ្នំពេញ : ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា, ក្នុងគោលដៅធានាសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន នៅអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង៖១៥ វិច្ឆិកា ២០២១ និងស្របតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំអំពី វិធានការសុវត្ថិភាព និង សុខភាពដល់គណៈកម្មការប្រឡងនៅតាមគ្រឹះស្ថានសិក្សានីមួយៗដូចខាងក្រោម៖
I. មុនដំណើរការសំណេរ
រៀបចំប្រគល់ភារកិច្ច និងការទទួលខុសត្រូវជាលាយលក្ខណ៍អក្សរដល់ក្រុមការងារសុខភាព ដឹកនាំដោយ ប្រធាន ឬអនុប្រធានមណ្ឌលប្រឡង ដែលជ្រើសរើសចេញពីគណៈមេប្រយោគ និងគណៈកម្មការប្រឡង ដើម្បីចាត់វិធានការសុវត្ថិភាព និងសុខភាព តាមការណែនាំ ធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់ ពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុកៅអីសម្រាប់បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត
រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈោ្មះ
រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ ដោយមានទឹក និងសាប៊ូ សម្រាប់ប្រើប្រាស់ជាប្រចាំ
រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូទឹកអាល់កុល ឬអាល់កុលដែលលាងដៃ សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ
ត្រៀមបម្រុងម៉ាស់សម្រាប់ចែកជូនគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជននៅពេលចាំបាច់រៀបចំទីកន្លែងនិងឧបករណ៍សម្រាប់ស្ទង់កម្ដៅ នៅតាមមណ្ឌលប្រឡងតាមទីតាំងសមស្រប មុនពេលបេក្ខជនចូលទៅកាន់បន្ទប់ប្រឡង រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែក សម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក ត្រួតពិនិត្យបុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានបណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យ ចូលបន្ទប់ប្រឡងឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ លើកលែងតែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ប៉ុន្តែត្រូវមានវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យមានការចម្លងជំងឺនានានៅក្នុងមណ្ឌលប្រឡង ផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីវិធានការសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការប្រឡងដើម្បីសហការអនុវត្តអោយមានប្រសិទ្ធភាព។
II. ក្នុងពេលដំណើរការសំណេរ
– ត្រូវចាត់តាំងក្រុមការងារសុខភាព ឈរនៅមាត់ទ្វារ ឬច្រកចូលមកកាន់មណ្ឌលប្រឡង ដើម្បីណែនាំឱ្យ បេក្ខជនតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាព និងវាស់ស្ទង់កម្ដៅគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជនមុនពេលចូលក្នុងមណ្ឌលប្រឡង ព្រមទាំងណែនាំបន្ថែមឱ្យពាក់ម៉ាស់បានត្រឹមត្រូវ និងលាង សម្អាតដៃមុនចូលបន្ទប់ប្រឡងក្នុងករណីរកឃើញអ្នកមានកម្ដៅលើសពី៣៧,៥អង្សាសេ ត្រូវ៖
វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងនិង កន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្ដៅចុះធម្មតាវិញ។
ករណីដែលស្ទង់កម្ដៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវ បញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុក (រក្សាលេខ លេខបន្ទប់ ដដែលនិងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងដុំកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោង មុខវិជ្ជានីមួយៗ)។ ដោយឡែកចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យ ឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។
ប្រើប្រាស់ស្រោមដៃនៅពេលដំណើរការឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់
មុនពេលចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ការប្រមូល និងវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនដែលមានកម្ដៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។ ទទួលបានសេចក្ដីណែនាំនេះ សូមលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនាយក នាយិកាគ្រឹះស្ថានមធ្យម សិក្សាត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សុខ ខេមរា