ផ្ទះមនុស្សធម៌ទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ត្រូវបានប្រគល់ជូនជនពិការទ័លលំបាក ១គ្រួសារ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម : បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមនិមន្តដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត និងសហការី បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះទី៦ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្តជូនដល់ជនមានពិការភាពទីទ័លក្រ១គ្រួសារ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គួររំលឹកថាលោក ឈុន ម៉េន ជាជនមានពិការភាព (ស្វិតជើងឆ្វេងដោយសារជម្ងឺលើសឈាម)មានប្រពន្ធ និងចៅតូចៗ៤នាក់ក្នុងបន្ទុកដែលកំព្រាដោយសារឪពុកម្តាយលែងលះគ្នា។ ជិត៥ឆ្នាំមកនេះក្រោយធ្លាក់ខ្លួនពិការហើយមានជម្ងឺប្រចាំកាយថែមទៀតនោះជនពិការរូបនេះពុំមានលទ្ធភាពប្រកបរបរកសិកម្មបានទៀតឡើយម៉្លោះហើយបន្ទុកត្រូវធ្លាក់ទៅលើប្រពន្ធដែលគ្មានទាំងទុនគ្មានមុខរបរច្បាស់លាស់សូម្បីជម្រកស្នាក់នៅក៏រស់នៅក្នុងកូនខ្ទមតូចទាបផ្ទាល់ដីដែលជញ្ជាំងបាំងដោយធាងត្នោតនិងដំបូលប្រក់ស្លឹកត្នោតចាស់ៗនៅលើដីទំហំ១៥ម×៣៥ម។ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈប័ណ្ណសមធម៌ក្រ២ប្រពន្ធលោក ឈុន ម៉េន ត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារដោយដើររើសខ្យងក្តាមលក់ផង និងដើរស៊ីឈ្នួលតាមរដូវកាលផងគ្រាន់បានប្រាក់កម្រៃប្រចាំថ្ងៃចិញ្ចឹមប្តីនិងចៅកំព្រាតូចៗទាំង៤នាក់។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដីប្រក់ស័ង្កសី។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានរំលឹកប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមទាំងអស់ថាពិតមែនតែស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-២៩ បានធូរស្រាលហើយសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែបងប្អូនទាំងអស់គ្នាមិនត្រូវធ្វេសប្រហែស ឬមើលស្រាល បានឡើយទោះជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួនថែរក្សាអនាម័យអោយបានជាប្រចាំដោយបុគ្គលម្នាក់ៗក៏ដូចជាក្រុមគ្រួសារនីមួយៗត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ និងចាំបាច់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល”៣ការពារ ៣កុំ” ដើម្បីជៀសអោយផុតកុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ។

ដើម្បីជួយសម្រាលជីវភាពរស់នៅសាខាបានផ្តល់សម្ភារគ្រឿងឧបភោគបរិភោគជូនគ្រួសារលោកពូឈុនម៉េនសម្រាប់សង្កត់ផ្ទះថ្មីនេះរួមមានអង្ករ៥០គក្រ, ត្រីខ២០កំប៉ុង, ទឹកត្រី១២ដបទឹកស៊ីអ៊ីវ១២ដប, មី២កេស, ឃីត២សម្រាប់, អាវយឺត១២, ម៉ាស់២ប្រអប់, សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀល។ ដោយឡែកលោកតាលោកយាយដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះចំនួន១២នាក់ក្នុងម្នាក់ៗទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រីទឹកស៊ីអុីវ និងអាវយឺតម៉ាស់ព្រមទាំងថវិកាចំនួន២០,០០០រៀលផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print