ខេត្តពោធិ៍សាត់៖ អាវធហត្ថក្រុងខេត្តសហការគ្នាតាមប្រម៉ាញ់ឈ្មួញជំនួញគ្រឿងញៀនបានម្នាក់ដកហូតវត្ថុតាងនិងសម្ភារ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចតារាងបាល់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
នាយការិយាល័យប្រឆាំងគ្រឿងញៀន អ ហ ព ស បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាដែលកម្លាំងតាមប្រម៉ាញ់ហើយឃាត់យកមកនេះឈ្មោះ រឿង ស្ក ហៅនី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពពីកម្លាំងប្រដាប់អាវុធខាងលើបន្តថា ក្នុងនោះកម្លាំងដកហូតបានវត្ថុតាងនូវបារីមាយសេវែន ១កញ្ចប់ និងម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច ព្រមទាំងសម្ភារ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខពោធិសាត់ 1F-4444 ១គ្រឿង ។
ប្រភពបន្តទៀតថា ជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាងនិងសម្ភារយកទៅបន្តការសាកសួរនិងបំពេញសំណុំឯកសារនៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបញ្ចូនបន្តទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ៕
ដោយ៖ ប៉ឹម ពិន