ខេត្តបាត់ដំបង៖ អនុវត្តបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំកម្លាំងអន្ដរាគមន៍កងពលចំនួន ២០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវ របស់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតកម្លាំងពលកម្មក្នុងការច្រូតកាត់ប្រមូលផលស្រូវ របស់ពួកគាត់ រស់នៅភូមិតាសាញខាងត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
មេបញ្ជាការរង បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក្រៅពីអនុវត្តនូវភារកិច្ចស្នូល កងពលតូចថ្មើរជើងលេខ៥២ បានត្រៀមកម្លាំងអន្តរាគមន៍ក្នុងទីតាំងសម្រាប់ត្រៀមចុះជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាកផ្សេងៗ ដូចជាពួកគាត់ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដែលបង្កឡើងពីគ្រោះធម្មជាតិ ដើម្បីជួយសម្រួលដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ឱ្យបានទាន់វេលាផងដែរ៕ ដោយ ស៊ុនហេង