ខេត្តបាត់ដំបង៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ កម្លាំងអង្គភាពចម្រុះខេត្តបាត់ដំបង បានចុះបង្ក្រាប និងឃាត់ខ្លួន មេខ្យល់ ចំនួន ២ នាក់ ដែលបម្រុងនាំពលករ ឆ្លងដែនទៅថៃល្មើសច្បាប់
នៅទីតាំងភូមិសាស្ត្រ ភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនជនសង្ស័យនាំមនុស្សឆ្លងដែនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ជាមេខ្យល់អ្នកនាំផ្លូវផង និងជាអ្នករត់ម៉ូតូឌុបផង ដែលទាំង២ នាក់នេះមានឈ្មោះ នី ង៉ែត ភេទប្រុស អាយុ ៥៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ញ៉ឹក ណយ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈប្រុងឆ្លងដែន នាំពលករ ចំនួន ៣ នាក់ ចូលទៅក្នុងទឹកដីថៃ។ ករណីនេះត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងចុះឃាត់ខ្លួនតែម្តង។ រីឯពលករទាំង ៣ នាក់នោះ រស់នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពត ។
កម្លាំងការពារគោលដៅតំបន់ព្រំដែន បានសាកសួរដើម្បីស្រាវ ជ្រាវបន្ថែម ព្រមទាំងធ្វើកិច្ចសន្យា អប់រំណែនាំ ហើយបន្តនីតិវិធី ប្រគល់មុខសញ្ញា មេខ្យល់ ទាំងអស់ ទៅឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕