លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលនេះ! អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, ពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” ត្រូវបានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល កម្ពុជា ៤.០ និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងវត្តមានអ្នកចូលរួមដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជនជាច្រើន។ កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​។ នាឱកាសនោះ ក៏មានការចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី១ តាមប្រព័ន្ធអនឡាញផងដែរ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពយុវជន ជាពិសេសក្នុងការបំពាក់បំប៉នជំនាញដែលឆ្លើយតបនឹងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ ក៏ដូចជាមជ្ឈមណ្ឌល កម្ពុជា ៤.០ រៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើងដែលនឹងក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនជា សហគ្រិន និងប្រតិបត្តិទេសចរណ៍ ក្នុងការឈោងចាប់ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្ម ក៏ដូចជាមុខរបររបស់ខ្លួនក្នុងវិស័យទេសចរណ៍ ដែលនឹងក្លាយជាចលករសំខាន់មួយផងដែរសម្រាប់កំណើនសេដ្ឋកិច្ច៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print