ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង។
សូមរម្លឹកថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។
យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖
– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕
ដោយ, សិលា