ភ្នំពេញ : គណៈប្រតិភូកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះ មរណភាព លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ …!!
គណៈប្រតិភូកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានទទួលមរណភាពកាលពី ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានប្រគល់ជូនក្រុមគ្រួសារសពនូវ លិខិតរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងសារលិខិតនោះ បានបញ្ជាក់ថា «មរណភាព របស់ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់ លោកវេជ្ជបណ្ឌិត បានបូជាគ្រប់បែបយ៉ាង ជម្នះរាល់ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀត មរណភាព របស់ លោកវេជ្ជបណ្ឌិត ពិតជាការបាត់បង់ដ៏ធំធេងនូវវេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលធ្លាប់បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ជួយព្យាបាល និងសង្គ្រោះអាយុជីវិតប្រជាជនជាច្រើន និងបានចូលរួមសកម្មនៅក្នុងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា ទារក និងកុមារ។»
ស្ថិតក្នុងសមានទុក្ខនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា