រសៀលនេះ ! គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​ និងរំលែកមរណទុក្ខយ៉ាង​ក្រៀមក្រំចំពោះ​ មរណភាព​ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន

ចែករំលែក៖

ភ្នំពេញ : គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​ និងរំលែកមរណទុក្ខយ៉ាង​ក្រៀមក្រំចំពោះ​ មរណភាព​ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាសមាជិកក្រុមការងារឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​ …!!

គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៅរសៀលថ្ងៃទី ១០​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាសមាជិកក្រុមការងារឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ដែលបានទទួលមរណភាពកាលពី ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយ​​រោគាពាធ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន​ នារីសោភ័គ​ បានប្រគល់ជូនក្រុមគ្រួសារសពនូវ លិខិតរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលក្នុងសារលិខិតនោះ បានបញ្ជាក់ថា «មរណភាព របស់ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន គឺជា​ការបាត់បង់​ដ៏ធំធេងនូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរព​ស្រឡាញ់ប្រកបដោយគុណធម៌ ព្រហ្មវិ​​​​ហា​រ​​ធ​ម៌ ដែលក្នុងមួយជីវិត របស់ លោកវេជ្ជបណ្ឌិត បានបូជាគ្រប់បែបយ៉ាង ជម្នះ​រា​ល់​ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុម​គ្រួសារ​ពោរពេញ​ដោយភាពកក់ក្ដៅ។ លើសពី​នេះ​ទៅ​ទៀ​ត​ មរ​ណ​ភាព របស់ លោកវេជ្ជបណ្ឌិត ពិតជាការបាត់បង់​ដ៏ធំធេង​នូវ​វេជ្ជបណ្ឌិត​ដ៏​​ឆ្នើម​មួយ​រូប ដែលធ្លាប់បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ជួយព្យាបាល និងសង្គ្រោះអាយុជីវិត​ប្រជាជន​ជា​ច្រើ​ន និងបានចូលរួមសកម្មនៅក្នុងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹក​នាំប្រចាំតំបន់អាស៊ីប៉ា​ស៊ីហ្វិក ឆ្លើយតបមេរោគ​អេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិនៃ​ផែនការសកម្មភាព​រួម​របស់​អគ្គលេខាធិការ​អង្គ​ការ​​​សហប្រជា​ជាតិ ដើម្បី​សុខភាពមាតា ទារក និងកុ​មារ។»

ស្ថិតក្នុងសមានទុក្ខនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បាន​ទៅ​កាន់​សុគតិ​ភ​ព កុំបីឃ្លៀង​ឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print