ខេត្តពោធិ៍សាត់ ៖ វេលាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ត្រួតពិនិត្យសពមន្រ្តីរដ្ឋបាលព្រៃឈើប្រម៉ោយ សង្ស័យជាករណីឃាតកម្ម ។
ករណីសមត្ថកិច្ចចុះពិនិត្យសពមន្រ្តីរដ្ឋបាលព្រៃឈើនេះ ធ្វើឡើងត្រង់ចំណុចក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុលើកឡើងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ សេង វិសាល ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ មុខងារ នាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ មានទីលំនៅភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា ហេតុការណ៍ដ៍រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ប្រពន្ធរងគ្រោះបានបាត់បបានចំនួនពីយប់ពីថ្ងៃមិនឃើញ ខលមិនចូល ទើបធ្វើការរាយការណ៍ និងទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ឈានដល់ចុះស្រាវជ្រាវដល់កន្លែងការងារជាបឋមទាំងយប់ ជាក់ស្ដែងឃើញទ្វារស្នាក់ការសង្កាត់ចាក់សោរពីក្រៅ ពេលចាក់សោរបើកទ្វារឃើញសាកសពពោធិ៍ពេញទៅដោយឈាម ដោយពេលវេលាមិនអំណោយផល សមត្ថកិច្ចបានព័ទ្ធខ្សែទុករងចាំពិនិត្យព្រឹក ។
ប្រភពបញ្ជាក់ទៀតថា ជាបឋមៈ អាចជាករណីឃាតកម្មកាប់ ចាក់សម្លាប់ ប្លន់យកទ្រព្យសម្បាតិ ខណៈបាត់ម៉ូតូ១គ្រឿង និងបាត់ខ្លួនអ្នកស្នាក់នៅជាមួយម្នាក់ដែរនោះ ទោសយ៉ាងក្ដី៖ រងចាំការពិនិត្យជាក់ស្ដែងរបស់សមត្ថកិច្ច ៕
ដោយៈ បុឹម ពិន